(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានធ្វើសេចក្តីប្រកាសមួយលើបណ្តាញសង្គម Twitter របស់លោកថា នៅថ្ងៃពុធសប្តាហ៍នេះ រូបលោកនឹងធ្វើវេទិការបញ្ចេញមតិដ៏មានសារៈសំខាន់មួយក្នុងរដ្ឋ Arizona ជុំវិញបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជាបញ្ហាដ៏រសើបក្នុងសង្គម។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០១៦ នេះ។
សេចក្តីប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកTrump បាននិយាយថា លោកនឹងបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ណា ដែលអស់ទិដ្ឋាការរស់នៅអាមេរិក ហើយនេះជា ទស្សនវិស័យរបស់លោក បញ្ជាក់ពីគោលនយោបាយកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេសន៍នៅអាមេរិក។ ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុនលោក Trump បាននិយាយថា លោកកំពុងតែធ្វើឲ្យមានភាពប្រសើរឡើង ចំពោះផែនការរបស់លោក ក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទាំង១១លាននាក់ថែមទៀតផង។
ជំហរគោលនយោបាយការបរទេសដ៍តឹងរឹងនេះ បានដាស់អារម្មណ៍ចំពោះការរិះគន់ របស់បណ្តាអ្នកអភិរក្សនិយមដែលចង់ឲ្យលោក Trump កំនត់ឲ្យបានជាក់លាក់ នូវទីតាំងបន្ទាត់ ព្រំដែនរវាងអាមេរិក និងម៉ិកស៊ិក និងអំពាវនាវឲ្យមានការសាងសង់ជញ្ជាំង នៅតាមបណ្តោយព្រំដែនផងដែរ។
លោក Trump បានសរសេរនៅលើ Twitter ដូច្នេះថា «ខ្ញុំនឹង ធ្វើវេទិកាបញ្ចេញមតិ ដោយផ្តោតសំខាន់លើជនអន្តោប្រវេសន៍ខុសច្បាប់ នៅថ្ងៃពុធ នៅក្នុងរដ្ឋ Arizona ។ អ្នកចូលរួមនឹងមានច្រើនកុះករ ហើយពេលនេះយើងកំពុងតែស្វែងរកទីកន្លែងជួបជុំឲ្យបានកាន់តែធំដែរ»៕