(បាត់ដំបង)៖ ក្នុងកិច្ចប្រឹងប្រែងជាសាកលទាំងក្នុងតំបន់ និងទ្វេភាគី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងស្រដៀងគ្នា សហភាពអឺរ៉ុប និងអាល្លឺម៉ង់ នៅតែបន្តការតាមដាន ការសហការគាំពារទៅលើគម្រោងដាំដើមព្រៃលិចទឹក គម្រោងទប់ស្កាត់ភ្លើងឆេះព្រៃ គម្រោងតែរក្សាសត្វព្រៃងាយផុតពូជ និងប្រឈមការគំរាមកំហែងក្នុងតំបន់។

ឆ្លើយតបនឹងសំណួររបស់ Fresh News នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចុះបេសកកម្មនៅបឹងទន្លេសាប នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតំបន់រ៉ាមសារ ព្រែកទាល់ នៅស្រុកឯកខេត្តបាត់ដំបង, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងយ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុប នៅតែបន្តការតាមដាន ការសហការតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីគាំពារទៅលើគម្រោងដាំដើមព្រៃលិចទឹក គម្រោងទប់ស្កាត់ភ្លើងឆេះព្រៃ គម្រោងតែរក្សាសត្វព្រៃងាយផុតពូជ និងប្រឈមការគំរាមកំហែងក្នុងតំបន់»។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ បានបង្ហាញក្តីសង្ឃឹមថា គម្រោងហិរញ្ញប្បទានផ្សេងៗអនុវត្តន៍កន្លងមក គឺនឹងនៅតែបន្តទៅមុខទៀតទោះបីជាគម្រោងនោះដើរដល់ទីបញ្ចប់ក៏ដោយ។ ហេតុផលនេះហើយបានជាសហភាពអឺរ៉ុប ធ្វើការសហការយ៉ាងស្អិតរមួត ជាមួយដៃគូពាក់ព័ន្ធជាតិជាច្រើន ដែលសង្ឃឹមថានឹថាអាចបន្តកិច្ចការងារទាំងនេះ។

ដោយឡែកបើតាមលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកឡើងថា ក្រៅពីការចូលរួមអនុវត្តន៍យុទ្ធនាការ #ForOurPlanet គឺអាល្លឺម៉ង់ នៅមានគម្រោងជាច្រើនទៀត សម្រាប់ការគាំទ្រហិរញ្ញប្បទាន គម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមជនបទ និងតាមតំបន់នានានៅជុំវិញទន្លេមេគង្គផងដែរ។

ក្នុងន័យនេះ, ទូតអាល្លឺម៉ង់ បានបញ្ជាក់ថា សម្រាប់គម្រោងទាំងនេះត្រូវបានតាមដានយ៉ាងលម្អិត និងបានសហការយ៉ាងស្អិតរមួតជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ។ តាមរយៈគម្រោងនេះនឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ ប្រសិនបើសម្អាតសំណល់ប្លាស្ទិក ជាពិសេសមិនមានការបោះចោលប្លាស្ទិក។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា៖ «ប្រទេសអាល្លឺម៉ង់បានផ្តល់មូលនិធិយ៉ាងច្រើន ដើម្បីកែលម្អការបង្កើតប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាននៅតំបន់រ៉ាមសារ ព្រែកទាល់ និងស្ទឹងត្រែង។ នេះមានសារៈសំខាន់ដើម្បីការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គ។ ខ្ញុំគិតថាគម្រោងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនទាំងអស់ដែលគាំទ្រដោយគណៈកម្មការទន្លេមេគង្គ (MRC) គឺមានសារៈសំខាន់ដែលជិតមកដល់។ MRC ក៏គាំទ្រគម្រោងឆ្លងដែនជាមួយប្រទេសថៃ និងឡាវសម្រាប់ការគ្រប់គ្រងគ្រោះរាំងស្ងួតឱ្យកាន់តែប្រសើរឡើង រួមទាំងធាតុផ្សំ សម្រាប់តាមដានការបំពុលប្លាស្ទិកនៅក្នុងអាងទន្លេមេគង្គក្រោម។ សកម្មភាពទាំងនេះត្រូវបានគាំទ្រដោយប្រទេសអាល្លឺម៉ង់ផងដែរ»។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បច្ចុប្បន្ននេះ បឹងទន្លេសាបជាប្រភពត្រីបម្រើឱ្យប្រជាជនប្រមាណ ៦លាននាក់ បើសិនជាប្រភពត្រីត្រូវ បាត់បង់ដោយសារតែការបំពុលបរិស្ថានដោយថង់ប្លាស្ទិក យើងនឹងត្រូវខាតបង់ធំ ដូចនេះ ក្រសួងបរិស្ថានមានគម្រោងសម្អាតបឹងទន្លេសាបដោយអនុវត្តន៍នូវវិធានការពីរសំខាន់គឺ៖ 

ទី១៖ ការទប់ស្កាត់ការហូរចូលថង់ប្លាស្ទិក តាមព្រែកនានាចូលមកក្នុងបឹងទន្លេសាប ធ្វើឱ្យបឹងទន្លេសាបក្លាយជាកន្លែងផ្ទុកសំរាមថង់ប្លាស្ទិក ដោយបច្ចុប្បន្ននេះក្រសួងបរិស្ថាន បានឱ្យអង្គការមួយកំពុងធ្វើការសិក្សារកគំនិតច្នៃប្រឌិត និងបច្ចេកទេសក្នុង ទប់ស្កាត់ការហូរចូលថង់ប្លាស្ទិកតាមព្រែកនានាចូលមកក្នុងបឹងទន្លេសាប ហើយក៏មានក្រុមហ៊ុនអាល្លឺម៉ង់១ បានមកជួយធ្វើការសម្អាតបឹងទន្លេសាបផងដែរ។ 

ការសិក្សានេះ គឺមិនត្រឹមតែការសម្អាតថង់ប្លាស្ទិកនៅក្នុងបឹងទន្លេសាបប៉ុនណ្ណោះទេ គឺសិក្សាពិនិត្យមើលថាតើបឹងទន្លេសាប របស់យើងក្នុងរយៈពេល២៥ឆ្នាំទៀត នឹងក្លាយទៅជាអ្វី ហើយវិធានការអ្វីខ្លះដែលអាចទប់ស្កាត់ និងធ្វើជាចាំបាច់សម្រាប់ថែរក្សាបឹងទន្លេសាប ខណៈដែលក្រសួងកំពុងតែប្រឈមការប្រែប្រួលអាកាសធាតុ។

ទី២៖ មន្រ្តីជំនាញក៏កំពុងតែធ្វើការសិក្សាថា តើនៅក្នុងប្រទេសកម្ពុជាមានរោងចក្រប៉ុន្មាន ដែលបង្ហូរទឹកចូលទៅក្នុងទន្លេបឹងបួ ក្រោយពីធ្វើការសិក្សាលម្អិតរួចហើយក្រសួងនិងដាក់ប្រព័ន្ធតាមដានគ្រប់រោងចក្រទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទឹកចេញពីរោងចក្រចូលមកទន្លេបឹងបួរ គឺជាទឹកល្អ មិនបំពុលបរិស្ថាន ពីព្រោះគុណភាពទឹកនេះ មានសារៈសំខាន់ណាស់សម្រាប់មនុស្ស។

សូមបញ្ជាក់ថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបង បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈមនិងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍ក្នុងការការពារបរិស្ថាន នៅក្នុងតំបន់៕