(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្វពិធីបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែង អគ្គស្នងការរងនគរបាលជាតិ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក ជូនឧត្តមសេនីយ៍ទោ ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕