(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ វិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំវគ្គផ្សព្វផ្សាយ » ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។
វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក គឹម ផាន់នី នាយករងវិទ្យាល័យ ជា ស៊ីម បឹងកេងកង, លោក ម៉ៅ ចាន់ថន តំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។
ថ្លែងទៅដល់វគ្គបណ្តុះបណ្តាលនេះ លោកនាយករងវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវគោលការណ៍សំខាន់ នៃច្បាប់ ដែលវាគ្មិនអញ្ជើញ មកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិ យោបល់ ដោយលើកឡើងនូវសំនួរ ដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងសំណូមពរ មន្ត្រីអធិការកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យ ផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។
ក្នុងឱកាសនោះ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធី ផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។
កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា មុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញ ក៏បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលា និងបានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាពម្ហូបអាហារចំនួន ១៧០សន្លឹក ហើយវគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលាប្រមាណ ១៥០នាក់ ដែលជាការផ្តល់ចំណេះដឹងជាមូលដ្ឋាន សម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។ ព្រមជាមួយនោះបានផ្សព្វផ្សាយ ឱ្យបណ្តាអ្នកចូលរួម Donwload កម្មវិធី CCF Complaint App ទៅក្នុងទូរស័ព្ទ Smart Phone ដែលជាយន្តការដាក់ពាក្យបណ្តឹងពីអ្នកអ្នកប្រើប្រាស់ទៅកាន់អគ្គនាយកដ្ឋាន ក.ប.ប.។
លោក ង៉ែត ចេក បានសំណូមពរឱ្យអ្នកចូលរួមវគ្គផ្សព្វផ្សាយយកវេទិកានេះ ជួយបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាតិមិត្ត ឱ្យបានជ្រួតជ្រាប អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលជាកត្តាបង្កគ្រោះដល់សុខភាពរបស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារមានអនាម័យ សុវត្ថិភាព និងគុណភាព ហើយជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕