(ភ្នំពេញ)៖ ក្រុមការងារមូលនិធិជាតិជំនួយសង្គម ក្រោមការដឹកនាំដោលោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម បានទទួលជួបពិភាក្សាជាមួយ ក្រុមការងារធនាគារពិភពលោក ក្រោមការដឹកនាំដោយលោក Siegfried Zottel ជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ។

តំណាងធនាគារពិភពលោក បានចូលរួមអបអរសាទរ និងកោតសរសើរនូវការអនុវត្តកម្មវិធីជំនួយសង្គមដោយជោគជ័យរបស់មូលនិធិជាតិជំនួយសង្គមនាពេលកន្លងទៅ។

ក្នុងកិច្ចពិភាក្សាទាំងសងខាង បានជជែកលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធជំនួយសង្គមនៅកម្ពុជា ដែលអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ក៏ដូចជាលើកឡើងនូវ ពិសោធន៍ជោគជ័យនៅប្រទេសដទៃទៀត ក្នុងការបើកផ្តល់តាមប្រព័ន្ធឌីជីថល។ លើសពីនេះ ក៏មានការពិភាក្សាលើផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា ក្នុងការឈានទៅការអនុវត្តការបើកផ្ដល់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ៤.០។

ក្នុងជំនួបនេះដែរ ភាគីទាំងសងខាងក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល ដើម្បីឱ្យពួកគាត់យល់ដឹងនិងអាចប្រើប្រាស់ការបើកសាច់ប្រាក់តាមប្រព័ន្ធឌីជីថល ដូចជាប្រព័ន្ធធនាគារជាដើម។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីធនាគារពិភពលោក ក៏បានផ្ដល់ការឆ្លើយតបវិជ្ជមាន ដោយនឹងបន្តសហការជាមួយ មូលនិធិជាតិជំនួយសង្គម។ ក្នុងចំណុចនេះគឺធនាគារ ពិភពលោកនឹងចូលរួមជួយក្នុងការងារបច្ចេកទេស សម្រាប់ការសិក្សានាៗពាក់ព័ន្ធនិងឌីជីថលវូបនីយកម្ម ការបើកផ្តល់កម្មវិធីជំនួយសង្គមនិងលើកកំពស់ការយល់ដឹងអំពីប្រព័ន្ធហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តកម្មវិធីជំនួយសង្គមមួយចំនួន ខណៈកម្មវិធីជំនួយសង្គមខ្លះ ក៏បានបិទបញ្ចប់។

គួរបញ្ជាក់ថា កម្មវិធីកំពុងបន្តអនុវត្តមកដល់បច្ចុប្បន្ននេះ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកម្មវិធីនេះនឹងត្រូវបិទបញ្ចប់ក្នុង ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ ក្នុងខែ មេសា ឆ្នាំ ២០២៤ខាងមុខ រាជរដ្ឋាភិបាល ក៏នឹងចាប់ផ្តើមអនុវត្តកម្មវិធីជាតិជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធី«កញ្ចប់គ្រួសារ»៕