(ព្រៃវែង)៖ សាលាគណខេត្តព្រៃវែង ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ មានការចូលរួមពី លោក មាស សំណាង រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្តតំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ទិសដៅបន្តឆ្នាំ២០២៤។

បើតាមរបាយការណ៍មន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង
ក)៖ ស្ថានភាពទូទៅក្នុងខេត្តព្រៃវែងមានស្រុកមានចំនួន ១២ និងក្រុង១
១៖ វិស័យព្រះពុទ្ធសាសនា
វត្តអារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ទូទាំងខេត្តព្រៃវែងមានវត្តសរុបចំនួនសរុប៥១៩វត្ត (ក្នុងនោះវត្តគណៈមហានិកាយចំនួន៥០០ វត្ត និងវត្តគណៈធម្មយុត្តិកនិកាយចំនួន១៩វត្ត)។ ព្រះសង្ឃសរុបចំនួន៤.៥៨២អង្គ ភិក្ខុមាន១.៣០២អង្គ សាមណេរចំនួន៣.២៨០អង្គ (ព្រះ សង្ឃគណៈមហានិកាយចំនួន៤.៤៦៥អង្គ ភិក្ខុ១.២៦៨អង្គ សាមណេរ៣.១៩៧អង្គ និងព្រះ សង្ឃគណៈធម្មយុត្តិកនិកាយចំនួន១១៧អង្គ ភិក្ខុ៣៤អង្គ សាមណេរ៨៣អង្គ។ អាចារ្យសរុបចំនួន១.៨០៨រូប គណៈកម្មការវត្តសរុបចំនួន៤.២៨៨រូប ដូនជីសរុបចំនួន៣១៥រូប និងក្មេងវត្តសរុបចំនួន៤៣៨នាក់។

២៖ ការងារពុទ្ធិកសិក្សា និងបណ្ណាល័យ
សាលាពុទ្ធិកវិទ្យាល័យមានចំនួន១កន្លែង គឺពុទ្ធិកវិទ្យាល័យព្រៃវែង (ទុតិយភូមិមាន៣ថ្នាក់ សមណសិស្សសរុប៦១អង្គ និងបឋមភូមិមាន៥ថ្នាក់ សមណសិស្សសរុប២៣៣អង្គ)។ សាលាពុទ្ធិកអនុវិទ្យាល័យមាន១កន្លែង គឺពុទ្ធិកអនុវិទ្យាល័យ ហ៊ុន សែន សិរីសារពេជ្ញ មានចំនួន ៣ថ្នាក់ មានសមណសិស្សសរុប៨២អង្គ។ សាលាពុទ្ធិកបឋមសិក្សាមាន៤៩សាលា ស្មើនឹង៨៤ថ្នាក់ មានសមណសិស្សចំនួន១.១៧៦អង្គ។ សាលាធម្ម
វិន័យមាន៤៩សាលា ស្មើនឹង៨៥ថ្នាក់ មានសមណសិស្សសរុបចំនួន១.២២០អង្គ។ បណ្ណាល័យមាន១កន្លែងស្ថិតនៅមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ដែលមានសៀវភៅ សម្រាប់សិក្សាស្រាវជ្រាវទូទៅចំនួន១.៩៧១ក្បាល មាន៤៥១ចំណងជើង (មានគម្ពីព្រះត្រៃបិដក ចំនួន១១០ក្បាល)។

៣៖ ការងារពាហិរសាសនា
ទូទាំងខេត្តព្រៃវែងមាន វិហារ និងស្នាក់ការពាហិរសាសនាចំនួន៨៤កន្លែង និងមានសាសនិក សរុបចំនួន៩.៧៣៦នាក់/ស្រី៥.៦០១នាក់ (សាសនាគ្រីស្ទមានចំនួន៦៦កន្លែង វិហារ១១កន្លែង ស្នាក់ការ៥៥កន្លែង សាសនិកសរុប៥.០៣៦នាក់/ស្រី២.៩៩៩នាក់ មានសាលារៀន២សាលា សិស្សសរុប២០៥នាក់/ស្រី១២៧នាក់ ឥស្លាមមាន៦កន្លែង វិហារ៣កន្លែង សូរ៉ាវ៣កន្លែង សាសនិកសរុបចំនួន២.២៨១នាក់/ស្រី១.១៣២នាក់ មហាយាន្តមាន៨កន្លែង វិហារ៧កន្លែង ស្នាក់ការ១កន្លែង សាសនិកសរុប១.៦៤៨នាក់/ស្រី៩៧៩នាក់ អ្នកតាចិនមាន៣វិហារ សាសនិក សរុប៧៧១នាក់/ស្រី៤៩១នាក់ ព្រហ្មញ្ញសាសនាមាន១កន្លែង។

ទន្ទឹមនឹងលទ្ធផលការងារដែលសម្រេចបានខាងលើ មន្ទីរធម្មការ និងសាសនាក៏មានបញ្ហាប្រឈមមួយចំនួនតូច ផងដែរ៖
* អធិករណ៍នៅតាមបណ្តាវត្តនៅមានតិចតួច (ទំនាស់រវាងអាចារ្យ និងព្រះសង្ឃ ព្រះសង្ឃ និងព្រះសង្ឃ និងអាចារ្យនិងអាចារ្យ)
* ក្រោយពីសមាហរណកម្មការិយាល័យ និងមន្ត្រីទៅឱ្យរដ្ឋបាលក្រុង/ស្រុក មានការលំបាកដូចជាៈ ការប្រមូលទិន្នន័យស្ថិតិ និងការងារទំនាក់ទនងផ្សេងៗ។ (ពេលខ្លះអធិករណ៍កើតឡើងទាល់តែ មានចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកទើបដឹង)។
ចំពោះដំណោះស្រាយ ទោះបីមានការលំបាកខ្លះៗ ក៏មន្ទីរនៅតែខិតខំប្រឹងប្រែងសហការជាមួយសាលាគណខេត្តទាំងពីរ គណៈ រដ្ឋបាលក្រុង/ស្រុក និងអជ្ញាធរពាក់ព័ន្ធដើម្បីបន្តដោះស្រាយជាបន្តបន្ទាប់។

អង្គអនុសំវច្ឆរៈនេះ ក៏បានសំណូមពរ សូមព្រះចៅអធិការវត្តបញ្ចៀសការធ្វើចេតិយដោយបុគ្គលផ្សេងៗ ដើម្បីកាត់បន្ថយនូវអធិករណ៍កើតមានទំនាស់ការច្រណែនផលប៉ះពាល់ដល់ប្រយោជន៍រួម និងជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនារបស់យើង ហើយក៏សូមគាំទ្រនូវការកសាងចេតិយរួម ដើម្បីឱ្យទីធ្លាវត្តមានភាពទូលាយងាយស្រួលក្នុងការធ្វើកម្មវិធីផ្សេងៗ ប្រសើរឱ្យក្លាយជាវត្តទេសចរណ៍គម្រូ។ គ្រប់វត្តគួររៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្នុងនិងខាងក្រៅឱ្យបានល្អ សូមលោកអាចារ្យ គណៈកម្មការវត្ត និងព្រះចៅអធិការវត្តចេះសហការគ្នា ដើម្បីដឹកនាំកសាងឱ្យកាន់តែរីកចម្រើនឱ្យសក្តិសមជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ។ សូមព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះមេត្តាតាមដានការប្រើប្រាស់បណ្តាញសង្គម Facebook TikTok របស់ព្រះសង្ឃក្នុងខេត្ត គួរតែប្រើសម្រាប់ជាមធ្យោបាយអប់រំ មានសតិជាប្រចាំថា យើងជាអ្នកអប់រំគេ អ្វីគួរបង្ហោះ អ្វីមិនគួរបង្ហោះបង្ហាញ ជាពិសេសរឿងទំនាស់តិចតូច មិនគួរបង្ហោះហែកបង្ហាញនោះទេ។ ធម្មតា អធិករណ៍ ឬទំនាស់ជាផ្នែកមួយនៃជីវិតមិនអាចជៀសផុត សំខាន់គឺត្រូវដោះស្រាយតាមព្រះវិន័យ តាមអធិករណសមថៈ តាមបែបអហិង្សាដែលជាមាគ៌ាពុទ្ធសាសនា។

ចំណែកឯបញ្ហាប្លង់ដីវត្តសរុប ទើបតែធ្វើបានប្រមាណ៤៨%នៅឡើយ។ មន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង បានស្នើសុំមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជួយផ្តល់កិច្ចសហការក្នុងការផ្តល់ទិន្នន័យវត្តអារាមដែលបានធ្វើប្លង់ និងមិនទាន់បានធ្វើប្លង់ដីវត្ត។ ចំពោះដីវត្តដែលមានទំនាស់ សូមព្រះចៅអធិការគ្រប់វត្តសហការចូលរួម ពន្លឿនការស្នើសុំប្លង់ដីវត្តឱ្យបានគ្រប់វត្ត។

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត មានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការជួយការងារផ្សេងៗជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិ មាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សង្គមជាច្រើន ដូចជាបានជួយកសាង ផ្លូវ ថ្នល់ ស្ពាន់ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងការងាសង្គមកិច្ច មានដូចជាការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស។

ឆ្លៀតក្នុងឱកាសនោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានផ្សព្វផ្សាយបន្តនូវខ្លឹមសារទាំងស្រុង អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ និងបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យមានប្រយោជន៍ ព្រមទាំងអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ គួររៀបចំវត្តអារាមឱ្យក្លាយជាទីជម្រកនៃសេចក្ដីសុខរបស់មនុស្ស និងសត្វប្រកបដោយព្រហ្មវិហារធម៌សម្រាប់ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិ
២៖ គួររៀបចំវត្តអារាមឱ្យក្លាយទៅជាតំបន់ទេសចរណ៍បែបពុទ្ធសាសនា ពិសេសវត្តអារាមមានអាយុកាលច្រើនឆ្នាំក្នុងប្រវត្តិសាស្រ្ត បន្តរៀបចំឱ្យមានសួន ច្បារ និងព្រះពុទ្ធរូបជាទីសក្ការៈបូជា។
៣៖ វត្តអារាមដែលមិនទាន់មានប្លង់វត្តត្រឹមត្រូវតាមច្បាប់ ព្រះចៅអធិការ សហការមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស្នើសុំធ្វើព្រំដីប្លង់វត្តអារាមឱ្យបានត្រឹមត្រូវដើម្បីការពារការបាត់បង់ដីវត្តដោយប្រការណាមួយ។
៤៖ ព្រះចៅអធិការគួរបន្តចងក្រងប្រវត្តិរបស់វត្ត ចូលរួមថែរក្សាសំណង់បុរាណ និងអភិរក្សកន្លែងប្រវត្តិសាស្រ្តរបស់វត្តឱ្យក្លាយជាអារាមទេសចណ៍ជាមរតកដ៏មហាសាល។
៥៖ គ្រប់វត្តគួរបង្កើតឱ្យមានមូលនិធិមនុស្សធម៌ ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌
៦៖ គួររៀបចំអនាម័យវត្តអារាម និងបដិសណ្ឋារកិច្ចរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទឱ្យបានល្អគួរជាទីជ្រះថ្លា
៧៖ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម គួរជួយណែនាំភិក្ខុ សាមណេរ ក្រោមឱវាទរបស់ព្រះអង្គ ពាក់ព័ន្ធការប្រើប្រាស់ បណ្តាញសង្គមក្នុងគោលបំណងអប់រំតែម្យ៉ាង ដូចជាលើទឹកចិត្តមនុស្សឱ្យស្រលាញ់ការអប់រំ និងបរិស្ថានជាដើម។
៨៖ ព្រះចៅអធិការវត្ត គួរតែបង្កើនភាពស្និតស្នាលជាមួយពុទ្ធបរិស័ទ និមន្តទៅសួរសុខទុក្ខពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានលះបង់ពេលវេលា និងទ្រព្យធនសម្រាប់កសាងវត្តអារាមរបស់យើង។
៩៖ គួររួមគ្នារម្ងាប់អធិករណ៍ដែលកើតមានឡើងក្នុងខេត្ត និងតាមវត្តអារាម ដោយស្នើឱ្យមន្ទីធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋានសហការគ្នាយ៉ាងជិតស្និតជាមួយព្រះមន្រ្តីសង្ឃខេត្ត ស្រុក ព្រះចៅអធិការវត្ត ដោះស្រាយដោយឈរលើស្មារតីព្រះវិន័យ និងច្បាប់រដ្ឋ។