(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ច្រានចោលការផ្សាយ ចំពោះគណនី «The Cambodia Dally Khmer» ថា មានការប្រមូលផល អនុផលព្រៃឈើខុសច្បាប់ នៅខេត្ដស្ទឹងត្រែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មា​ន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសេចក្ដី​ប្រកាសព័ត៌មាន, គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញ និងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ The Cambodia Dally Khmer បានចុះផ្សាយនូវអត្ថបទមួយ «ឧកញ៉ា ជ័យ កំពុងមៅការកាប់ឈើខុសច្បាប់ ឲ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដីជិត១ម៉ឺនហិកតា ក្នុងខេត្តស្ទឹងត្រែង»

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា តាមសេចក្ដីរាយការណ៍របស់លោក ស្វាយ សំអ៊ាង
អភិបាលខេត្តស្ទឹងត្រែង ជាសមាជិកនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងយោងតាមឯកសារគតិយុត្តស្របច្បាប់របស់ក្រុមហ៊ុន ហឺរ៉ាយហ្សិន អេហ្គ្រីខលឈ័រ
ឌីវេឡុបមេន បានទទួលសំណងនូវផ្ទៃទំហំ ៩.៧៩៩ហិកតា ៨៨៨សង់ទីអា ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃុំស្តៅ ឃុំសាមឃួយ ឃុំស្រែគរ ស្រុកសេសាន និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រុមហ៊ុន ហឺរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានផ្ទេរទំហំដីខាងលើ ប្រគល់សិទ្ធិឲ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក និងមានលិខិតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លិខិតអនុញ្ញាត «LP» ពីរដ្ឋបាលព្រៃឈើកណ្តាល ប្រមូលផល អនុផលព្រៃឈើ កែច្នៃ បង់សួយសារជូនរដ្ឋតាមការកំណត់។

លោកខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ថា ក្រុមហ៊ុននេះ មិនមែនប្រមូលផល អនុផលព្រៃឈើ ខុសច្បាប់ ដូចការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Dally Khmer នោះទេ។

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមស្វាគមន៍រាល់ការផ្តល់ព័ត៌មាន អំពីបទល្មើសធនធានធម្មជាតិ និងការបញ្ចេញមតិដើម្បីស្ថាបនា ក្នុងគោលដៅរក្សាបានគង់
វង្សនូវធនធានធម្មជាតិយើង ទាំងអស់គ្នា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន៖