(ភ្នំពេញ)៖ លោក ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានផ្ដល់អនុសាសន៍គន្លឹះ ៨ចំណុចជូនក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ ដើម្បីជំរុញការងារផ្នែកពិការភាពឱ្យកាន់ល្អប្រសើរសម្រាប់ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប្រាក់ សុខយូរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ ដើម្បីពិនិត្យលើការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងដាក់ចេញការងារថ្មីសម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអង្គការជាជនមានពិការភាព តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំនៃមូលនិធិជនពិការ។
ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលមូលនិធិជនពិការបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយឧបសគ្គរបស់ជនមានពិការភាព និងបង្កើនលទ្ធភាពដល់ពួកគាត់ឱ្យមានឱកាសចូលរួមគ្រប់សកម្មភាពសង្គម តាមរយៈសេវាស្តារលទ្ធភាពពលកម្ម និងកម្មវិធីលើកកម្ពស់ជីវភាព ដែលកំពុងអនុវត្តដោយមូលនិធិជនពិការ។
ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ លោក ប្រាក់ សុខយូរ បានផ្តល់អនុសាសន៍ចំនួន៨ចំណុច ទៅកាន់ក្រុមប្រឹក្សាភិបាល ដើម្បីជំរុញសកម្មភាពការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពជាប្រយោជន៍ដល់ជនមានពិការភាព។ អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖
១៖ សិក្សាលទ្ធភាពបង្កើនគុណភាព និងធ្វើទំនើបកម្មឧបករណ៍អវយវៈសិប្បនិម្មិតរណប និងឧបករណ៍ទ្រទ្រង់រាងកាយ ឱ្យបានក្នុងកម្រិតស្តង់ដារ បន្តផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម
២៖ ពិនិត្យកែលម្អទីតាំងផ្តល់សេវា នៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា រាជធានីខេត្ត ដើម្បីផ្តល់សេវាឱ្យកាន់តែល្អ
៣៖ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន អង្គការដៃគូ និងកៀកគរប្រភពចំណូលនានា
៤៖ បង្កើនការផ្តល់សេវានៅតាមសហគមន៍ ឱ្យកាន់តែច្រើន និងខិតជិតអ្នកទទួលសេវា
៥៖ បង្កើនចំនួនសាងសង់ផ្ទះសម្រាប់ជនមានពិការភាព
៦៖ សិក្សារៀបចំលិខិតបទដ្ឋាន ដើម្បីចាត់វិធានការសមស្របចំពោះ រោងចក្រ សហគ្រាស ដែលមិនបានបំពេញកាតព្វកិច្ច ជ្រើសរើសជនពិការចូលបម្រើការងារ
៧៖ សិក្សាពិនិត្យ កែសម្រួលអនុក្រឹត្យ ប្រាក់ធ្វើដំណើរ និងប្រាក់ហូបចុក របស់អ្នកមកទទួលសេវាឱ្យបានសមស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច
៨៖ ពិនិត្យទីតាំង និងបង្កើនចំនួនហិបសប្បុរស មូលនិធិជនពិការ នៅតាមតំបន់ទេសចរណ៍ រមណីយដ្ឋាន និងភោជនីយដ្ឋានឡើងវិញ។
សូមបញ្ជាក់ថា មូលនិធិជនពិការ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបានបង្កើតដោយអនុលោមតាមច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ, អនុក្រឹត្យលេខ ១១៨អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ ស្ដីពីការរៀបចំ និងប្រព្រឹត្តិទៅរបស់មូលនិធិជនពិការ ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងផ្ដល់សេវាស្ដារលទ្ធភាពពលកម្មប្រកបដោយនិរន្តរភាព ដោយប្រែក្លាយពីការផ្ដល់សេវាបែបមនុស្សធម៌តាមរយៈជំនួយពីអន្តរជាតិទៅជាសេវាកម្មរបស់រដ្ឋ។
មូលនិធិជនពិការមានតួនាទីភារកិច្ចចាំបាច់មួយចំនួនដូចខាងក្រោម៖
- ផ្ដល់សេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព
- ផ្គត់ផ្គង់ជនមានពិការភាពជាប្រាក់ថ្លៃអាហារ និងធ្វើដំណើរក្នុងការមកទទួលសេវាស្ដារលទ្ធភាព ពលកម្ម
- ប្រមូលភាគទាន ប្រាក់ពិន័យអន្តរការណ៍ និងប្រាក់ពិន័យផ្សេងៗទៀត ពីប្រធានស្ថាប័នរដ្ឋ និង នីតិបុគ្គលដែលមិនអាចបំពេញតាមកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
- បើកផ្ដល់ប្រាក់របបគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រតាមសហគមន៍ ផ្នែកពិនិត្យ និងថែទាំសុខភាព
- រៀបចំហិបប្រាក់វិភាគទានសប្បុរសធម៌សម្រាប់ប្រើប្រាស់ជាអត្ថប្រយោជន៍ជនមានពិការភាព
- គាំទ្រដល់ជីវភាពជនមានពិការភាពក្រីក្រតាមរយៈការសាងសង់ផ្ទះ ផ្ដល់អំណោយសប្បុរសធម៌ និងកម្ចីសម្រាប់អភិវឌ្ឍមុខរបរ ដើម្បីឆ្លើយតបទៅនឹងភារកិច្ចរបស់ខ្លួន មូលនិធិជនពិការ បានដាក់ចេញចក្ខុវិស័យ «ជនពិការមានសិទ្ធិក្នុងការទទួលបានសេវាស្ដារលទ្ធភាពពលកម្មប្រកបដោយគុណភាព និងទទួលបានការជួយគាំទ្រក្នុងការរស់នៅ និងចូលរួមក្នុងសកម្មភាពសង្គម»៕