(ភ្នំពេញ)៖ គម្រោង CSO4G ដែលជា គម្រោងជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម នៅខេត្តចំនួន៣នៅកម្ពុជាឱ្យក្លាយជាសហគ្រិនភាព ត្រូវបានសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ ចាប់ពីដើមឆ្នាំ២០២៤នេះ។
គម្រោងនេះនឹងជួយពង្រឹងសមត្ថភាព និងការចូលរួមរបស់សហគមន៍កសិកម្ម សហគ្រិនអភិវឌ្ឍន៍សង្គម កសិករ ដើម្បីពង្រឹងផ្នែកអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដែលនាំទៅដល់ការលើកកម្ពស់សិទ្ធិ និងសេដ្ឋកិច្ចសង្គមរបស់កសិករខ្នាតតូចនៅកម្ពុជា។ គម្រោងនេះនឹងបណ្តុះបណ្តាលអំពី មូលធនសង្គម ទាក់ទង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ អាជីវកម្ម ការអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ ទៅដល់ក្រុមជួយខ្លួនឯង សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់សមាជិក និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការគាំទ្រកសិករខ្នាតតូច។
ពិធីសម្ពោធ CSO4G នេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Goossen Hoenders នាយកប្រតិបត្តិនៃអង្គការ Heifer Netherlands រួមនឹងតំណាងនាយកដ្ឋានកសិកម្ម តំណាងសហភាពអឺរ៉ុប ស្ថានទូតជប៉ុនប្រចាំកម្ពុជា សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC) និងអង្គការ ដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
គម្រោង CSO4G ត្រូវបានគាំទ្រដោយមូលនិធិរបស់សហភាពអ៊ឺរ៉ុប ដែលនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺសៀមរាប កំពង់ឆ្នាំង និងកំពង់ធំ ដែលនឹងជួយគាំទ្រកសិករចំនួន១៦ ៥០០ គ្រួសារ ,សហគមន៍កសិកម្មចំនួន២១, ក្រុមជួយខ្លួនឯងចំនួន ២០០ និង សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម(SEUAC) រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦។
គម្រោងនេះក៏នឹងរួមបញ្ចូលគ្នានូវវិធីសាស្រ្តផ្អែកលើសិទ្ធិ ការកសាងមូលធនសង្គមតាមរយៈការអភិវឌ្ឍន៍សហគមន៍ ដោយផ្តោតលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញទន់ ជាមួយនឹងការអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ ដើម្បីបង្កើនភាពធន់របស់កសិករចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសនៃអង្គការហេហ្វឺកម្ពុជា បានមានប្រសាសន៍ថា «យើងបានឃើញថា ការកសាង ឬពង្រីកអាជីវកម្ម គឺមិនមានភាពងាយស្រួលនោះទេ។ វាត្រូវការជំនាញ ចំណេះដឹង និងធនធាន។ ដូច្នេះ មធ្យោបាយដ៏ល្អបំផុតក្នុងការកសាងភាពធន់សម្រាប់សហគមន៍នីមួយៗ ដើម្បីស្រមៃមើលថា តើអនាគតរបស់កសិករទៅជាយ៉ាងណា? តើអាចមានការផ្លាស់ប្រែកម្រិតគ្រួសារ និងកម្រិតសហគ្រាស ហើយមើលឃើញថាវាអាចទៅរួចឬយ៉ាងណា? ដូច្នេះ គោលដៅគម្រោង CSO4G និងបេសកកម្មរបស់យើងគឺជួយកសិករបង្កើតវា»។
លោក Goossen Hoenders នាយកប្រតិបត្តិនៃ Heifer Netherlands បាននិយាយថា «យើងមិនអាចសម្រេចបាននូវគោលដៅរបស់យើងដោយគ្មានកិច្ចសហការពីសាធារណៈជន និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត» នោះទេ។ យើងត្រូវការម្ចាស់ជំនួយ អ្នកវិនិយោគ និងដៃគូដើម្បីធ្វើឱ្យប្រាកដថា អ្វីដែលយើងនឹងអនុវត្ត មាននិរន្តរភាពផងដែរ»។
លោកស្រី រិទ្ធ ចន្ថា ប្រធានសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC) មានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នាពេលកន្លងមក អង្គការហេហ្វឺកម្ពុជាបានជួយកសិករកម្ពុជាយ៉ាងច្រើនតាមរយៈការអប់រំកសិករអំពីការអនុវត្តន៍ល្អបំផុតពាក់ព័ន្ធនឹងការចិញ្ចឹមមាន់ និងការដាំដំណាំ៕