(កំពង់ឆ្នាំង)៖ ព្រៃលិចទឹកនៅជួរមាត់ទន្លេដែលមានដើមឈើធំៗ ស្ថិតក្នុងដែនសហគមន៍នេសាទពាមពពេច ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជិត៣ហិកតា ត្រូវបានគេកាប់គរដុតចោល យកដីធ្វើដីស្រែប្រាំង ហាក់មិនមានអ្នកទប់ស្កាត់ឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ថ្មីៗនេះ ប្រជាពលរដ្ឋនៅចំណុចភូមិកន្លែងភេ និងភូមិព្រែកសាលា បានឲ្យដឹងថា មានជនដែលមានតួនាទីក្នុងមូលដ្ឋានបានជួលកម្មករជាង១០នាក់ឲ្យទៅកាប់ព្រៃក្នុងតំបន់នោះ ដែលគម្រោងបម្រុងកាប់ឆ្កាជាច្រើនហិកតា។ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋនៅភូមិក្បែរនោះ។

ករណីខាងលើនេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានទទួលបានដំណឹងនេះ ក៏បានចុះទៅដល់ទីតាំងនោះដោយផ្ទាល់តាមការរាយការណ៍ពីប្រជានេសាទ ហើយបានឃើញមានការកាប់ឆ្ការព្រៃតំបន់នោះចំនួន៣ ចំណុចបើគិតជាទំហំ នៃការខូចខាតបើតាមការស្មានស្មើនឹងជិត ៣ហិចតដោយមានការកាប់ និងដុតព្រៃឈើទាំងតូចទាំងធំ ដើម្បីឆ្វៀលយកដីធ្វើស្រែប្រាំង និងចំណុចខ្លះទៀតបាននិងកំពុងកាប់ទន្ទ្រានធ្វើស្រែប្រាំង ដោយពួកគេបានកាប់ឆ្ការព្រៃ និងយកត្រាក់ទ័រចូលឈូសឆាយ ដុតបំផ្លាញ និងបាចគ្រាប់ស្រូវខ្លះផងដែរ។

ប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រែកសាលា ឃុំទឹកហូត និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានឲ្យដឹងថា ដីតំបន់នេះកាលពីដើមឡើយជាអតីតឡូលេខ១៤។ បន្ទាប់ពីរាជរដ្ឋាភិបាលកាត់ឡូជូនប្រជាពលរដ្ឋវិញ ដីព្រៃលិចទឹកក្នុងតំបន់នេះ ត្រូវបានថែរក្សាជាសម្បត្តិរដ្ឋដោយសហគមន៍រួមគ្នាថែរក្សាការពារជាមួយមន្ត្រីជំនាញ ដោយឡែកដីមាត់បឹងអភិរក្សឆ្នុកអណ្ដែង និងដីក្នុងអតីតឡូលេខ១៤នេះមួយចំណែកធំ ត្រូវបានគេលួចឈូសឆាយធ្វើស្រែប្រាំងអស់ជាច្រើនហិកតា បច្ចុប្បន្ននៅសល់ប៉ុន្មានជាង១០ហិកតាប៉ុណ្ណោះ ក៏ប៉ុន្តែពួកគាត់មិនដឹងថា ដីនេះត្រូវបានគេបែងចែកឱ្យទៅអ្នកណា ឬក៏ត្រូវរក្សាទុកជាសម្បត្តិរដ្ឋដដែលនោះទេ។ តែប៉ុ ន្មានថ្ងៃនេះមានគេជួលកម្មករពីភូមិព្រែកសាលា និងភូមិកន្លែងភេ ប៉ុន្មានជាជាង១០នាក់ឲ្យចូលទៅកាប់ឆ្ការព្រៃនោះ។

ពាក់ព័ន្ធករណីខាងលើនេះលោក រៀល សុខុម នាយសង្កាត់រដ្ឋបាលជលផលពាមឆ្កោក ស្រុកជលគីរី បានឲ្យដឹងថា ព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេចនេះ ជារបស់ប្រជាពលរដ្ឋ ហើយមានប្លង់កាន់កាប់អស់ហើយ មិនគួរអ្នកកាសែតមកធ្វើឲ្យគាត់ពិបាកគ្រាន់តែព្រៃប៉ុនបាតដៃនោះទេ។

លោក ប៊ិន សុផាន មេឃុំកោះថ្កូវ ស្រុកជលគីរី បានឲ្យដឹងថា ទាក់ទងនឹងព្រៃលិចទឹកក្នុងដែនសហគមន៍នេសាទពាមពពេចនោះ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខាងសង្កាត់រដ្ឋបាលជលផលពាមឆ្កោក បានហៅអាជ្ញាធរឃុំឲ្យទៅចូលរួមពិនិត្យទីតាំងទន្ទ្រានឈូសឆាយយកនោះ តែលោកបានប្រាប់ទៅក្រុមការងារអាជ្ញាធរឃុំកោះថ្កូវ មិនត្រូវស៊ីញ៉េទទួលស្គាល់លើរបាយការណាមួយឡើយ ព្រោះព្រៃលិចទឹកនៅតំបន់ដែនសហគមន៍ ពាមពពេចនោះ មានបញ្ហាមិនប្រក្រតីច្រើន។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ថា បើទោះជាដីនោះជាដីក្នុងសហគមន៍ ឬក្រៅសហគមន៍ ឬក៏ដីតំបន់២ក៏ដោយឲ្យតែជាដីព្រៃមិនធ្លាប់បានអាស្រ័យផល ការចូលកាប់ឆ្ការដុតបំផ្លាញគឺជាការខុសច្បាប់ដោយមិនអាចប្រកែកបានឡើយ៕