(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើងដែលបង្កឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ការណែនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ ករណីក្មេងទំនើងនៅតាមបណ្ដាមូលដ្ឋានហាក់មានការកើនឡើង ដោយពេលខ្លួនក្រុមក្មេងទំនើងនេះបានប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ សួនច្បារ និងឈានដល់ការប្រើប្រាស់អំពើហិង្សា នាំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋថែមទៀតផង។

បើតាមអគ្គស្នងការនគរបាលជាតិ, ក្នុងករណីមានការធ្វេសប្រហែស រហូតហើយមានការប្រមូលផ្ដុំច្រើនទៅជាទម្លាក់ នាំឲ្យបាត់បង់ម្ចាស់ការដូច្នេះហើយមិនអាចបណ្ដែតបណ្ដោយបានឡើងករណីក្មេងទំនើងនេះ។ លោកថា សមត្ថកិច្ចត្រូវគ្រប់គ្រងមុខសញ្ញាទាំងអស់នេះឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ ខណៈក្រុមនេះភាគច្រើនមានសារធាតុញៀន។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ការគ្រប់គ្រងក្មេងទំនើង សកម្មភាពនេះកម្រើកឡើងវិញ ហើយសកម្មភាពក្មេងទំនើងនេះបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។ យើងមើលស្រាលអត់បានទេក្រុមនេះ បង្កការប្រមូលផ្ដុំជិះម៉ូតូទាំងយប់ទាំងថ្ងៃ ជួបជុំគ្នានៅតាមសួន តាមផ្លូវសាធារណៈធ្វើសកម្មភាព បើយើងបណ្ដោយយើងបាត់ម្ចាស់ការ»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរដល់កម្លាំងនគរបាលខេត្តព្រៃវែង ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ពាក់ព័ន្ធការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងនេះ។ ជាក់ស្ដែងកន្លងទៅ នគរបាលខេត្តព្រៃវែង បានដើរប្រមូលសិស្សសាលាមួយចំនួន ដែលគេចសាលាមិនចូលរៀន ហើយដើរលេងតាមទីតាំងផ្សេងៗ ដើម្បីយកមកធ្វើការអប់រំណែនាំ និងហៅអាណាព្យាបាល ឪពុកម្ដាយមកធានា។

ការណ៍នេះត្រូវបាននាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អះអាងថា អាណាព្យាបាល ឪពុកម្ដាយ ក្រុមយុវជនទាំងអស់នោះមានការសប្បាយចិត្ត នៅពេលឃើញសមត្ថកិច្ចអប់រំណែនាំកូនៗរបស់ពួកគាត់ ព្រោះពេលខ្លះពួកគាត់ហាក់អស់សង្ឃឹមក្នុងការណែនាំកូនដោយមិនស្ដាប់បង្គាប់។

គួរជម្រាបថា កន្លងទៅនេះកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានដើរប្រមូលក្មេងសិស្សសាលាមួយចំនួន ដែលមិនចូលរៀន ហើយគេចទៅកន្លែងកាហ្វេ ឬតាមទីតាំងផ្សេងៗ យកមកធ្វើការអប់រំណែនាំ។ វិធានការនេះទទួលបាននូវការសាទរយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានទូទៅ៕