(កោះកុង)៖ អាជ្ញាធរក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យផ្លូវបេតុង១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្ពស់ ១.៥០ សង់ទីម៉ែត្រ ដែលស្ថិតក្នុងភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេរមភូមិន្ទ។

លោក ប្រាក់ វិចិត្រ អភិបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ផ្លូវបេតុង១ខ្សែនេះ បើតាមការត្រួតពិនិត្យ តាមបច្ចេកទេសជំនាញរបស់អាជ្ញាធរខេត្ត បានបញ្ជាក់ថា ការសងសង់នេះ គឺខាងអ្នកវិយោកគម្រោងបានអនុវត្តន៍ ទៅតាមលក្ខណៈសង់ដារ ទាំងដែក ទាំងការលាយស៊ីម៉ងត៍ ទទឹង បណ្តោយ និងកម្ពស់ ហើយប្រព័ន្ធលូមានសង់ខាងផ្លូវ។

លោកបានបន្ថែមថា ផ្លូវបេតុង១ខ្សែនេះ ប្រើប្រាស់មូលនិធិថវិកា របស់សាលាខេត្តដើម្បីស្ថាបនា និងកែប្រែផ្លូវ១ខ្សែ ឲ្យមានសោភ័ណ្ឌភាព និងមានទាំងគុណភាព ពីព្រោះផ្លូវ១ខ្សែនេះ ប្រៀបដូចសសៃរឈាម អាចធ្វើចរាចចេញចូលផ្លូវតូចធំបានទាំងអស់។

លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន បានមានផ្លូវល្អហើយ សូមនាំគ្នាជួយថែរក្សាចូលរួមថែរក្សាអនាម័យបរិស្ថាន តាមដងផ្លូវរក្សាសម្រាមទុកឲ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនដឹកសម្រាម យកទៅចោល ហើយការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ចេះយល់យោគគ្នា ហើយត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក បើទីក្រុងស្អាតលើកស្ទួយផ្នែកវិស័យទេសចរណ៍ ចូលមកកំសាន្តឲ្យមានកំណើនច្រើនផងដែរ។

ពលរដ្ឋដែលមានទីលំនៅសងខាងផ្លូវ បានឲ្យដឹងថា ក្នុងនាមពួកតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិសង្កាត់នេះ មានការសប្បាយចិត្តណាស់ ដោយពួកគាត់ទទួលបានផ្លូវបេតុង១ខ្សែ និងមានលក្ខណៈស្តង់ដារ ធំហើយក្រាស ការធ្វើចរាចរណ៍ចេញចូលទូលាយ និងមានប្រព័ន្ធផ្លូវទឹកសងខាងផ្លូវ ប្រហែលរដូវវស្សាមិនអាចស្ទះទឹកទៀតឡើយ៕