(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីផ្សព្វផ្សាយសមាសភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព និងវគ្គបណ្តុះបណ្តាលដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាពលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីភាពលោកស្រី លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ពិធីនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយសមាសភាពក្រុមការងារ អធិការកិច្ចវិស័យពិការភាព និងកសាងសមត្ថភាព ដល់ក្រុមការងារអធិការកិច្ចវិស័យពិការភាព លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលសិទ្ធិជនពិការ និងក្រុមការងារអធិការកិច្ចវិស័យពិការភាព គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងផ្ដល់ឱកាសដល់ជនមានពិការភាព ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ៕