(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា មិនយូរទេ១០ថ្ងៃខាងមុខ អាជ្ញាធរខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយម ជាសេនាធិការ នឹងបិទបញ្ចប់ការ ផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលធ្វើលើសផែនការកំណត់ហើយ, ពោលគឺការបិទនេះដើម្បីរក្សាទឹកទុក សម្រាប់ប្រើប្រាស់លើជីវភាពរស់នៅប្រចាំថ្ងៃ «ជីវិតមនុស្ស និងសត្វ» ក្នុងអំឡុងពេលរដូវប្រាំង នៅសល់៣ ទៅ៤ខែខាងមុខទៀត។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យមើល ផែនការដែលបានដាក់ចេញកន្លងមក ជុំវិញការបែងចែកការប្រើប្រាស់ទឹក ចាប់ពីដើមទំនប់ស្ទាក់ទឹកហុងចរិក រហូតដល់ពាក់កណ្តាល ប្រឡាយមេហុងចារឹក ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលជួបបញ្ហាខ្វះខាតទឹក។

លោក ខូយ រីដា បានថ្លែងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅឆ្នាំ២០២៣-២០២៤នេះ ប្រជាកសិករបានជម្រុកក្នុងការធ្វើស្រែប្រាំង រហូតទៅដល់ជាង៥ម៉ឺនហិកតា នៃផែនការត្រឹមតែជាង២ម៉ឺនហិកតាប៉ុណ្ណោះ។ នេះដោយសារឆ្នាំនេះ ផលស្រូវមានតម្លៃខ្ពស់ បើទោះបីមន្ទីរជំនាញ បានខិតខំណែនាំ និងផ្សព្វផ្សាយពីផែនការសក្តានុពលទឹកយ៉ាងណាក៏ដោយ។ លោកអភិបាលខេត្ត បានជម្រាបជូនថា ទាំងរដ្ឋបាលខេត្ត អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះពិនិត្យតាមដានជាប់ជាប្រចាំ និងអន្តរាគមន៍បើកទឹក ទៅតាមតំបន់គោលដៅ ជូនបងប្អូនប្រជាកសិករ ឱ្យមានតម្លាភាព ទៅតាមលទ្ធភាពជាក់ស្តែង។

លោកបានបញ្ជាក់ជូនថា ទំនប់ស្ទាក់ទឹកទី៣ និងទី៥យើងបច្ចុប្បន្ន តម្កល់ទឹកបានត្រឹមតែ៥០លានម៉ែត្រគូបតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យជួបញ្ហាខ្វះខាតទឹក សម្រាប់ស្រោចស្រព ស្ទើរគ្រប់ទីកន្លែង លើ៦ស្រុក/ក្រុង និង៣២ឃុំ/សង្កាត់។ មិនយូរទេចុងឆ្នាំ២០២៦ ទំនប់ស្ទាក់ទឹកទី២ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងធនធានទឹក នឹងត្រូវសាងសង់រួច ដែលមានអានុភាពស្តុកទឹក រហូតទៅដល់ជាង៨០០លានម៉ែត្រគូប សម្រាប់បើកជូនបងប្អូនប្រជាកសិករ អាចធ្វើស្រែគ្រប់រដូវកាល និងលែងបារម្មណ៍ពីកង្វះខាតទឹកទៀតហើយ។

លោក ខូយ រីដា ក៏សូមឱ្យបងប្អូនប្រជាកសិករមានការចូលរួម យោគយល់ អធ្យាស្រ័យគ្នា បញ្ឈប់ការធ្វើស្រែប្រាំងបន្ថែមទៀត និងសន្សំសម្ចៃទឹកទុក ព្រោះថាមិនយូរទេ១០ថ្ងៃខាងមុខ អាជ្ញាធរខេត្ត នឹងបិទបញ្ចប់ការផ្ដល់ទឹកអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករបន្តទៀតហើយ, ពោលគឺដើម្បីរក្សាទឹកទុក សម្រាប់ប្រើប្រាស់លើជីវភាពរស់នៅប្រចាំថ្ងៃ «ជីវិតមនុស្ស និងសត្វ» ក្នុងអំឡុងពេលរដូវប្រាំងនេះ។ ហើយប្រសិនបើបងប្អូននៅតែបន្តធ្វើ មិនគិតពីការប្រើប្រាស់លើជីវិតរស់នៅប្រចាំថ្ងៃទេនោះ អាជ្ញាធរនឹងមានវិធានការ។

សូមជម្រាបជូនថា បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារបង្កបង្កើនផលដំណាំរដូវប្រាំង ឆ្នាំ២០២៣-២០២៤ សម្រេចអនុវត្តបាន ចំនួន៥៤,៩១០ហិកតា ស្មើនឹង២៧៤,៥៥% នៃផែនការ ២ម៉ឺនហិកតា។ សម្រាប់ដំណាំស្រូវច្រូតកាត់បាន ចំនួន១២,៣៣២ហិកតា ស្មើនឹង ២៣,៤៥% នៃផ្ទៃដីត្រូវប្រមូលផលចំនួន ៥២,៥៩៦ហិកតា។

ដោយផ្អែកតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពដំណាំស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែប្រជាកសិករអនុវត្តបានកើនរហូតដល់ ៥៤,៩១០ហិកតា ដែលបង្កឱ្យមានកង្វះទឹកស្រោចស្រព និងបណ្តាលឱ្យដំណាំស្រូវប្រឈមនឹងកង្វះទឹក មានចំនួន ៦ស្រុក/ក្រុង ៣២ឃុំ/សង្កាត់ សរុបចំនួន១៥,៦៣៨ហិកតា និងរងផលប៉ះពាល់ ចំនួន១៤,៨០០ហិកតា ព្រមទាំងខូចខាត ចំនួន២,៤១៨ហិកតា និងផ្ទៃដីបានសង្គ្រោះចំនួន ៤,៧១៤ហិកតា៕