(តាកែវ)៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ដោយសារតែប្តីកំណាចកាប់នឹងពូថៅ ពីព្រោះតែខឹងជនរងគ្រោះដេញចេញពីផ្ទះ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ស្រ្តីជាប្រពន្ធ បានដេញប្តីចេញពីផ្ទះ ដោយសារតែប្តីរូបនេះ បានជក់ថ្នាំញៀន។
លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួន សុខហៃ អាយុ២១ឆ្នាំ នៅភូមិកើតហេតុ ដោយឡែកជនសង្ស័យជាប្តីមានឈ្មោះ ស្រ៊ុន ចាន់ឌី អាយុ៣១ឆ្នាំ។
លោក សែម សុជាតិ បានបញ្ជាក់ថា «មូលហេតុ ជនសង្ស័យ និងជនរងគ្រោះ រស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ ហើយត្រូវជនរងគ្រោះបានដេញជនសង្ស័យជាប្តី ចេញពីផ្ទះដោយសារតែញៀនថ្នាំ ក៏យកពូថៅកាប់រហូតដល់ស្លាប់តែម្តង»។ តែយ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់៕