(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការ កិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយក្នុង ជំនួបពិភាក្សាការងារនាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនេះបានបង្ហាញអំពីការចូលរួមចំណែក នៅក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនលើ ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការ គួរសម និងបានសម្តែងនូវការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ ក្នុងការគាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានគណៈកម្មាធិការបានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុនជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យ ចំនួន៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្ដោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។

បន្ថែមលើនេះលោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាព វិនិយោគដែលមានស្រាប់នៅកម្ពុជា លើវិស័យវាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងលើវិស័យកសិកម្ម ដែលផ្តោតសំខាន់លើដំណាំល្ង និងពីគោលបំណងនៃដំណើរទស្សនកិច្ច របស់លោកក្នុងការស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងកាលានុវត្តភាព សម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ផងដែរអំពីសកម្មភាពរបស់គណៈកម្មាធិការ កិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន ដែលជាគណៈកម្មាធិការអន្តរជាតិមួយ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុនទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ច នៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព អាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។

មុននឹងបញ្ចប់ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាមួយនឹងភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់។

សម្ដេចធិបតី បានជូនពរ លោក Yoshihisa Suzuki ឲ្យទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕