(កណ្តាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ភូមិ-សង្កាត់ ក្នុងក្រុងអរិយក្សត្រនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

កិច្ចការនេះធ្វើឡើងរយ:ពេលពេញ១សប្ដាហ៍ ដែលនឹងចុះពិនិត្យទៅតាមបណ្ដាស្រុក-ក្រុងផ្សេងទៀតដែលបានប្រកាសថា ខ្លួនបានរៀបចំ (ODF+) រួចរាល់ក្រោយសហការចាប់ដៃគ្នាធ្វើលើការងារនេះ ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ ការងារ(ODF+)នេះ ជាកិច្ចខិតខំប្រឹងប្រែងបំផុតរបស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារទាំងអស់ ព្រមទាំងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដោយផ្ទាល់តែម្ដង។

លោកស្រីជី ថាវី បានឲ្យដឹងថា លោកស្រីបានដឹកនាំក្រុមការងារចុះធ្វើការងារនេះយ៉ាងផ្ចិតផ្ចង់បំផុត ពោលគឺធ្វើការច្បាស់លាស់ ម៉ត់ចត់ សំដៅសម្រេចឲ្យបានល្អបំផុតចំពោះការងារ(ODF+)នេះ។ ការងារនេះអាចទៅរួច ក៍អាស្រ័យទៅលើអាជ្ញាធរមូលដ្ឋានផងដែរ បានសហការគ្នាល្អជាមួយក្រុមការងារ ចាប់ដៃគ្នាធ្វើការយ៉ាងសកម្មបំផុត ទើបអាចឈានដល់កម្រិតលទ្ធផលបានល្អបែបនេះ។

លោក នុត ពុធ បានឲ្យដឹងថា បន្ទាប់ពីការត្រួតពិនិត្យថ្នាក់ក្រុង បានបញ្ចប់រួចជាស្ថាពរហើយ ក្រុមការងារថ្នាក់ជាតិនឹងចុះមកវាយតម្លៃថ្នាក់ខេត្តវិញម្ដង។ ការចុះរបស់ថ្នាក់ជាតិក៏ដូចជាថ្នាក់ខេត្តដែរ គឺមានការចាប់ឆ្នោតយកស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ដើម្បីចុះត្រួតពិនិត្យ។ ដូច្នេះអាជ្ញាធរភូមិ ឃុំ-សង្កាត់ ស្រុក-ក្រុង ត្រូវត្រៀមខ្លួនឱ្យរួចរាល់ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាស្រុក មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន និងសាលាឃុំ-សង្កាត់ ជាដើមត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ សំដៅធ្វើឱ្យការចុះវាយតម្លៃ (ODF+) ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។

លោកបានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យ កត់សម្គាល់  គឺសង្ឃឹមជឿជាក់ថា “ខេត្តកណ្តាលធ្វើបាន” ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលរងខេត្ត មានជំនឿជឿជាក់ថា ការជំរុញឱ្យសម្រេចបាន(ODF+) នេះគឺពិតជាអាចធ្វើទៅបាន ហើយធ្វើបានយ៉ាងលឿន ថែមទៀតផង។ ព្រោះបើយោងលើសូចនាករ ដូចដែលតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងនាពេលមុននេះ គឺខេត្តកណ្តាលហាក់ដូចជាមានស្ទើរគ្រប់លក្ខខណ្ឌស្រេចទៅហើយ។ ប៉ុន្តែទោះយ៉ាងណាយើងមិនត្រូវមោទនភាព ដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួនបន្ថែមទៀត ក៏ដូចជាការសាងសង់បង្គន់ប្រកបដោយបរិយាបន្ន នៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាផងដែរ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា សហការគ្នា ប្តេជ្ញាធ្វើឱ្យស្ថានការណ៍ប្រែប្រួលពីខេត្ត ODF ទី៣ ទៅជាខេត្តសម្រេចបាន (ODF+) នាពេលឆាប់ៗខាងមុខនេះ៕