(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានណែនាំដល់នាយកដ្ឋានជំនាញ ពោលគឺនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយដ៏សំខាន់របស់កម្លាំងនគរបាលជាតិ ពិសេសកម្លាំងនៅមូលដ្ឋាន។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដើម្បីជាជំនួយដល់នគរបាលរបស់យើង»

គួរជម្រាបថា ពាក់ព័ន្ធការងារបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ភ្នាក់ងារសន្ដិសុខឯកជននេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តែងតែបើកវគ្គជាបន្ដបន្ទាប់ស្ទើររៀងរាល់ខែម្ដង។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥៦លើក ដែលមានសិក្ខាកាម ជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៩,៦៣៦នាក់ (ស្រី២១១នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២២៨នាក់ (ស្រី១៩នាក់)។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕