(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែរព្រះពុទ្ធរូប ធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង ក្នុងវត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

ការដង្ហែរព្រះពុទ្ធរូបសាងសង់អំពីស្ពាន់នេះ ដើម្បីយកមកតម្កល់ក្នុងព្រះវិហារវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីឲ្យពុទ្ធបរិស័ទជិតឆ្ងាយ គោរពបូជាតាមបែប ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

មកដល់ពេលបច្ចុប្បន្នសំណង់ព្រះវិហារនេះ សាងសង់បានប្រមាណ៩០ភាគរយ គ្រោងបញ្ចប់នៅខែ១២ ឆ្នាំ២០២៤ខាងមុខ។ ម្យ៉ាងការសាងសង់ព្រះវិហារនេះលឿន ឬឆាប់ដោយសារបានរៀបចំគណៈកម្មាធិការគ្រប់គ្រង នៃការសាងសង់បានត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងាររបស់យើងមានជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់ បានលឿនតាមការគ្រោងទុក។

សំណង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុងនេះ វាគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ទុក ឲ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនានាពេលខាងមុខ ព្រោះសំណង់ព្រះវិហារនេះ គឺសាងសង់តាមរចនាបទខ្មែរ។

គួរម្លឹកថា ព្រះពុទ្ធរូបធ្វើពីស្ពាន់នេះ ត្រូវបានរៀបចំពិធីសិតព្រះភ័ក្រ (ចាក់ពុម្ព) ក្រោមអធិបតីភាពពីលោកជំទាវសម្តេចក្រឡាហោម ញ៉ែម សាខន ស ខេង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងមក នៅភូមិប្រតិល សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពី។

ព្រះពុទ្ធរូបអង្គនេះមានខ្នាត និងប្លង់ព្រះពុទ្ធរូបត្រឹមត្រូវតាមខ្នាតសាងសង់អំពីស្ពាន់មានកម្ពស់គិតត្រឹមភ្នេន ដល់ផ្នួងសក់មានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធបរិស័ទនៅសង្កាត់កោះរ៉ុងគោរពបូជា។

គូសបញ្ជាក់ថា ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវសម្រាប់ប្រជាពលរដ្ឋ នៅតំបន់កោះក្នុងខេត្តព្រះសីហនុ៕