(ព្រះវិហារ)៖ លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្ត ត្រូវបង្កើនប្រសិទ្ធិភាពការងាររបស់ខ្លួនលើវិស័យព័ត៌មានឱ្យកាន់តែខ្លាំងក្លាប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

ការណែនាំរបស់លោក ណុប វុទ្ធី អភិបាលរងខេត្ត ក្នុងឱកាសដែលលោក តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅផែនការ សកម្មភាពការងារសម្រាប់ ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៍មានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាជាច្រើនរូបទៀត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារនាពេលនេះ គឺផ្តោតសំខាន់ដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ក្នុងគោលដៅ ជួយជំរុញឱ្យមន្ទីរព័ត៌មានខេត្តកាន់ តែរីកចំរើនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា រយៈពេល០១ឆ្នាំ២០២៣ ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មាន បានចុះយកព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត នុងបណ្ដាមន្ទីរវិស័យ និងតាមមូលដ្ឋាននានាក្នុងភូមិ សាស្ដ្រខេត្តសរុបចំនួន ២៨៧លើក ក្នុងនោះបានផលិតជាព័ត៌មានខ្លីចំនួន ១៤៣ព័ត៌មាន, បានធ្វើការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន ២២៣ព័ត៌មានវីឌីអូ និង១៩៦ ព័ត៌មានរូបភាព, បង្ហោះវីឌីអូលើ Youtube ចំនួន៥៦ព័ត៌មាន និងTiktok ចំនួន៤១ព័ត៌មាន, និងធ្វើការផ្សព្វផ្សាយផ្សាយនៅវិទ្យុជាតិភ្នំត្បែង ៩៧MHz បានចំនួន ១៥,៥៣៤អត្ថបទ។

លោកស្រីប្រធានមន្ទីរបានថ្លែងបន្ថែមថា សម្រាប់ខេត្តព្រះវិហារ អ្នកសារព័ត៌មានដែលបានចុះបញ្ជីប្រចាំនៅក្នុងខេត្តមានចំនួន៣៥រូប មកពី ២១អង្គភាព ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងការចុះយកព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាព សមិទ្ធផលនានានៅក្នុងខេត្ត ក្នុងនោះមានគេហទំព័រ ០៨អង្គភាព ស្មើនិង១៩រូប, ទូរទស្សន៍ ១២អង្គភាព មាន ១៥រូប និង កាសែតចំនួន ០១អង្គភាព ០១រូប។

លោក ណុប វុធ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ រហូតទទួលបាននូវការកោតសរសើរ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ពិសេសពីសំណាក់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

លោកអភិបាលរងខេត្ត បានណែនាំបន្ថែមដល់មន្រ្តីជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មាន ឲ្យបានកាន់តែប្រសើរ ប្រកបដោយគុណភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មាន ឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះត្រូវបង្កើន កិច្ចសហការឱ្យបានជិតស្និទជាមួយបណ្ដាមន្ទីរវិស័យ រដ្ឋបាលក្រុងស្រុក ដើម្បីផលិតបទយក ការណ៍អំពីការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់ខេត្តឱ្យបានផុលផុស៕