(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់លែង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង។
ក្នុងនោះក៏មានវត្តមានលោកមេបញ្ជាការរងកងរាជអាវុធខេត្ត អស់លោក លោក ស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកប្រធានមន្ទីរ លោកមេបញ្ជាការយោធាសឹករងស្រុក លោកអធិការនគរបាលស្រុក មន្រ្តីការិយាល័យ ជុំវិញស្រុក លោកមេឃុំគ្រប់ឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ទូទាំងស្រុកអញ្ជើញចូលរួមផងដែរ។
លោកវរសេនីយ៍ត្រី សេង ដារា ត្រូវបានតែងតាំងជាមេបញ្ជាការស្រុក ជំនួសលោកវរសេនីយ៍ត្រី ឡុង សាវ៉ាត ដែលត្រូវចូលនិវត្តន៍។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានកោតសរសើរនូវស្នាដៃដ៏ធំធេង ក្នុងការបំពេញភារកិច្ចរបស់លោកមេបញ្ជាការមុនកន្លងមក ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារ និងបម្រើប្រជាពលរដ្ឋ ដោយរក្សាបាននូវសុខសន្តិភាពសុវត្ថិភាព ជាពិសេសចេះសហការជាមួយកងកម្លាំងនគរបាល យោធា និងអាជ្ញាធរក្នុងមូលដ្ឋាន រក្សាបានភូមិឃុំមានសុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋមានការកក់ក្តៅ ដោយរស់នៅប្រកបដោយ សុខសុវត្ថិភាពពេញបរិបូណ៌។ លោកមេបញ្ជាឲ្យបង្រ្កាបទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដែលកើតមានក្នុងដែនសម្ថកិច្ចដែលខ្លួនគ្រប់គ្រង។
លោកមេបញ្ជាការ បានផ្ដាំផ្ញើ និងណែនាំដល់លោកមេបញ្ជាការ ជាអ្នកទទួលភារកិច្ចបន្តវេនពីលោកមេបញ្ជាការមុន ត្រូវធ្វើយ៉ាងណាខិតខំបម្រើ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្កើននូវប្រសិទ្ធភាពខ្ពស់ក្នុងការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព បទល្មើសផ្សេងៗ ដូចជា បទល្មើសការទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ ពីសំណាក់ជនខិលខូច បទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀតដែលកើតមាន នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នឹងត្រូវចេះសាមគ្គីផ្ទៃក្នុងរបស់កងកម្លាំងឲ្យបានល្អទើបមានប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចចំពោះមុខ៕