(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំព្រៃធំ ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបានចុះសួរសុខទុក្ខនាំអំណោយចែកជូនពលរដ្ឋដែលមានជីវភាពខាតចំនួន៤គ្រួសារផងដែរ។

ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។

លោក សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី ដែលអង្គបោះឆ្នោតនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានទទួលយកការសំណូមពរ របស់ក្រុមប្រឹក្សាឃុំព្រៃធំ នូវបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋាន ដូចជាការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ខុសព្រំនិងក្បាលដី ដែលតម្រូវឲ្យមន្ត្រីសុរិយោដី ធ្វើការកែតម្រូវឡើងវិញ  ដើម្បីជម្រាបជូនថ្នាក់ដឹកនាំ និងជំរុញឲ្យមន្ត្រីជំនាញចុះធ្វើការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សផងដែរ។

បន្ថែមលើសពីនេះ កងកម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ខ្លាំងឡើង បន្ថែមទៀត ជាពិសេសបញ្ហាចរាចរណ៍ គ្រឿងញៀន ព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

លោកបានជំរុញដល់ក្រុមប្រឹក្សាឃុំព្រៃធំ ទាំងអស់ត្រូវចូលរួមតាមដានព័ត៌មាន ដើម្បីធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា រាល់ការចេញសាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាបញ្ហាកង្វល់នានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានបង្ហោះលើបណ្ដាញសង្គម ជាពិសេសក៏ចូលរួមតាមដាននៅព្រឹត្តិការណ៍ ដែលកើតមានឡើងនៅក្នុងពិភពលោកផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់អាជ្ញាធរឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំ សុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅខេត្តស្វាយរៀង មានអង្គបោះឆ្នោតសរុប៥១៨នាក់។

សូមបញ្ជាក់ថា នៅក្នុងដំណើរចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃធំ លោកបណ្ឌិតសម តារា ក៏បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ ក្នុងឃុំព្រៃធំ និងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនព្រមទាំងឧបត្ថម្ភទិញសំលៀកបំពាក់ ប្រជាការពារ សរុបថវិកាចំណាយក្នុងកម្មវិធីមានចំនួន៣៤០០០០០រៀល៕