(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហររបស់ខ្លួនថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ចូលមកកាន់កម្ពុជា។
ជំហរនេះត្រូវបានបង្ហាញដោយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោក Devin Barta បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួល និងធានាបានបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិកនៅកម្ពុជា។ លោកប្រធានសភាពាណិជ្ជកម្មអាមេរិក បានវាយតម្លៃខ្ពស់ចំពោះការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួង-ស្ថាប័នរបស់កម្ពុជា ជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។
លោកប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ក៏បានជម្រាបសម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។
លោកប្រធានសភាពាណិជ្ជកម្ម បានបង្ហាញពីជំហរបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា លើវិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តីលេីភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដេីម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់ និងដាក់ទុនវិយោគនៅកម្ពុជា ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ និង ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោកប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថ៕