(ភ្នំពេញ)៖ ផលិតកម្មមហាហង្ស បានរៀបចំក្រុងពាលីចេញថត ភាពយន្តខ្នាតធំថ្មីមួយទៀតហើយ មានចំណងជើងថា «ស៊ុបពើម៉ាំ» (Super Mum) ដែលគ្រោងចាយទុន ប្រមាណ៧ម៉ឺនដុល្លារ ដើម្បីផលិតឡើងឲ្យមានគុណភាព អាចប្រកួតប្រជែងនៅលើទីផ្សារភាពយន្តក្នុងស្រុក និងក្រៅស្រុក។ ពិធីក្រុងពាលីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ ក្បែររង្វង់មូលទួលគោក ដោយមានការចូលរួម ពីណាក់តារាល្បីៗ សម្ដែងក្នុងរឿងនេះ ជាច្រើននាក់។
អ្នកនាង ភិន សុដាលីស តំណាងឲ្យផលិតកម្ម មហាហង្ស បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ភាពយន្តខ្នាតធំរឿង«ស៊ុបពើម៉ាំ» ជាប្រភេទរឿង បែបកំប្លែង ឌឺដង កាច់កុងគ្នា ដោយក្នុងសាច់រឿងនេះ អ្នកនាង ខ្ញុង និងអ្នកនាង កាតុ គឺជាតួអង្គកាច់កុងគ្នាតាំងពីដើមរហូតដល់ចប់។ ភាពយន្តនេះ មានការចូលរួមសម្ដែងដោយតារាល្បីៗ ជាពិសេសគឺក្រុមកំប្លែង នាយ ពែកមី នាយ គ្រឿន នាយក្រូច ដែលជាតារាមានបទពិសោធន៍ច្រើនឆ្នាំក្នុងកាសម្ដែង ដើម្បីឲ្យផ្ទៃរឿងទាំងមូលកាន់តែប្លែក ជាងរឿងមុនៗ។
តារាសម្ដែងវ័យក្មេង អ្នកនាង ភិន សុដាលីស បានបន្តទៀតថា ភាពយន្តរឿង «ស៊ុបពើម៉ាំ» ត្រូវបានផលិតកម្ម គ្រោងចំណាយទុនផលិត អស់ប្រមាណ៧ម៉ឺនដុល្លារ ព្រោះជាភាពយន្តខ្នាតធំ និងតួសម្ដែងសុទ្ធសឹងតែល្បីៗ កំពុងមានការគាំទ្រខ្លាំង លើទីផ្សារភាពយន្ត នាពេលបច្ចុប្បន្ននេះ។ ផលិតកម្ម មហាហង្ស តែងតែផលិតរឿងប្រកបដោយគុណភាព តម្រូវទៅតាមទីផ្សារ និងទទួលបានការគាំទ្រខ្លាំង ពេលចាក់បញ្ចាំងរឿងរបស់ខ្លួន នាពេលកន្លងមក។
កូនស្រីរបស់ចាងហ្វាងផលិតកម្មរូបនេះ បានឲ្យដឹងទៀតថា ភាពយន្តខ្នាតធំរឿង «ស៊ុបពើម៉ាំ» នឹងសង្ឃឹមយ៉ាងមុតមាំថា ទទួលបានជោគជ័យ និងការគាំទ្រខ្លាំង ព្រោះតាមរយៈបទពិសោធន៍ របស់តារាសម្ដែងក្នុងរឿង និងរឿងរបស់ផលិតកម្មជាច្រើន ដែលបានដាក់បញ្ចាំងលើទីផ្សារ នាពេលកន្លងមក គឺតែងតែបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន មិនថារឿងនោះ ជាប្រភេទរឿងកំប្លែង ខ្មោចព្រាយ មនោសញ្ចេតនា ស្នេហា ឬកំសត់ធ្វើឡើយ គឺផលិតកម្ម មហាហង្ស ទទួលបានជោគជ័យជានិច្ច។ ដូច្នេះទើបផលិតកម្ម បានថតរឿងដាក់បញ្ចាំងជាបន្តបន្ទាប់ លើទីផ្សារភាពយន្ត ទាំងរឿងភាគ និងរឿងដុំ ដើម្បីចូលរួមលើកស្ទួយវិស័យភាពយន្ត របស់ខ្មែរយើងផងដែរ។
សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «ស៊ុបពើម៉ាំ» មានការចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនដួង រួមមាន អ្នកនាង សុខ សោម៉ាវត្តី, នាយ ពែកមី, អ្នកនាង ខ្ញុង , នាយគ្រឿន, អ្នកនាង កាតុ, នាយក្រូច, លោក លឹម រដ្ឋា, លោក ឯល ចាន់តារា ព្រមទាំងតារាកិត្តិយសល្បីៗ ជាច្រើនដួងទៀត៕