(ភ្នំពេញ)៖ រថយន្ដ Toyota Prius មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BC-6946 បានបើកបរមិនគោរពច្បាប់ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ដ្រខណ្ឌចំការមន ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងភ័យខ្លាច។

ក្រោយឃើញនូវការចែកចាយវីដេអូតាមបណ្ដាញសង្គម អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា តាមរយៈបណ្ដាញព័ត៌មាន Fresh News បានអំពាវនាវឲ្យម្ចាស់រថយន្ដមួយគ្រឿងនេះ ចូលខ្លួនមកជាបន្ទាន់នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសមត្ថកិច្ចធ្វើការសួរនាំ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់រថយន្ដបង្កមិនចូលខ្លួនមកទេនោះ សមត្ថកិច្ចជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ខណៈអត្តសញ្ញាណរបស់ម្ចាស់រថយន្ដសមត្ថកិច្ចកំណត់បានហើយ៕