(សៀមរាប)៖ រដ្ឋបាល​ខេត្តសៀមរាប និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារ អត្រានុកូលដ្ឋាន ដល់ដល់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក។

ពិធីនេះដែរ ក្រោម​វត្តមានរបស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពីមានអាជ្ញាធរ ឃុំ-សង្កាត់ ស្មៀន ឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ក្នុងខេត្តសៀមរាប។

លោក យឹម សំអុល បានលើកឡើងថា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងារកត់ត្រាអត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋាន ដែលបានកត់ត្រារួចឲ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជី នៃសៀវភៅឲ្យបានល្អ ជៀសវាងរបូត រហែក ឬបាត់បង់ បញ្ជីណាមួយជាដាច់ខាត់។

លោកស្រី យូ សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី  បច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រុមជាតិ ក្នុងការបង្កើនសមត្ថភាព ការងាររបស់មន្ត្រី ក្នុងគោលបំណងបង្កើននូវគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

លោកស្រី យូ សុភា បាន​លើកឡើងថា ការងារអត្រានុកូលដ្ឋាន មានសារៈសំខាន់ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ជំរុញយុទ្ធនាការណ៍ចុះបញ្ជីដីធ្លី ឬធ្វើប័ណ្ណសម្គាល់អចនៈទ្រព្យជូនប្រជាពលរដ្ឋ គឺត្រូវទាមទានូវសំបុត្រកំណើត ,សំបុត្រអាពាហ៍ពិពាហ៍ ដើមី្បធ្វើការបំពេញនូវលក្ខ័ន្តបចេ្ចកទេសរបស់មន្ទីរជំនាញ ដើមី្បសម្រេចឲ្យបានទៅតាមផែនការរបស់ខេត្តនៅឆ្នាំ២០២៥។

លោកស្រីបានធ្វើការវាយតម្លៃថា ការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាន នៅថ្នាក់ឃុំ សង្កាត់ កំពុងតែអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាងមុន ដោយមានការគាំទ្របច្ចេកទេសពីមន្ត្រីជំនាញរបស់ថ្នាក់ជាតិ ជាបន្តបន្ទាប់ ពោលគឺបានពីការរួមផ្សំរវាងកត្តាពីរ គឺកត្តាមនុស្ស ដែលមានសមត្ថភាព មានស្មារតីទទួលខុសត្រូវ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងកត្តាសម្ភារៈ ដែលធានាបានទាំងប្រសិទ្ធភាព ភាពលឿនរហ័សទាន់ចិត្តតាមតម្រូវការគុណភាព និងសុវត្ថិភាព។ 

ជាមួយនេះដែរ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់រៀនសូត្រ និងត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើមី្បបានយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្តក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី៕