(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ប្រគេនអង្ករ១តោន និងថវិកាចំនួន១លានរៀល ដល់

ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃចំនួន ២២២អង្គ គង់ស្នាក់នៅក្នុងវត្ត។

លោក ម៉ឹង យូឡេង បានថ្លែងថា ការប្រគេនអង្ករ និងថវិកានេះ បានធ្វើឡើងជារៀងរាល់ខែជាយូរមកហើយ សម្រាប់ជាចង្ហាន់សម្រាប់ព្រះសង្ឃទាំងអស់ គង់ស្នាក់នៅក្នុងវត្ត ដែលការប្រគេននេះ ក៍តបតាមការចង្អុលបង្ហាញពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលជានិច្ចកាល តែងតែគិតគូរយកចិត្តបំផុត ដល់គ្រប់វត្តអារាមនៅទូទាំងខេត្តកណ្ដាល។

លោក ម៉ឹង យូឡេង បន្តថា ស្ថិតក្រោមម្លប់សន្តិភាព ប្រទេសជាតិមានការរីកចម្រើនគួរឲ្យកត់សំគាល់ ក្នុងនោះដែរ វិស័យពុទ្ធសាសនា ក៏មានការរីកចម្រើនខ្លាំងណាស់ដែរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងប្រទេសជាតិ ឲ្យរីកចម្រើនឡើងទៅមុខជាលំដាប់។

ជាមួយគ្នានេះដែរ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) បានមានសង្ឃដីការថ្លែងអំណរគុណជាអនេកដល់លោក ម៉ឹង យូឡេង ដែលជានិច្ចកាលតែងតែឧបត្ថម្ភប្រគេនអង្ករ និងថវិកា សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃទាំងអស់ ដែលកំពុងស្នាក់នៅក្នុងវត្ត៕