(ភ្នំពេញ)៖ ស្ថានទូតចក្រភពអង់គ្លេសបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យអប់រំ វិស័យសុខាភិបាល ក៏ដូចជាការកសាងហេដ្ឋារចនាសម្ពន្ធផ្សេងៗ និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការងារអភិវឌ្ឍន៍ជនបទ សំដៅរួមចំណែកជួយឱ្យជនបទនៅកម្ពុជាមានការរីកចម្រើន។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ន និងអភិបាលកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីបានបន្តជម្រាបជូនឯកអគ្គរាជទូតអំពីការកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នាពេលកន្លងមក ក៏ដូចការចូលរួមជាមួយក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធក្នុងការធ្វើឲ្យជនបទនៅកម្ពុជាមានការរីកចម្រើន។ ជាមួយគ្នានោះដែរ លោកបានលើកឡើងបន្ថែមទៀតអំពីកិច្ចការចំពោះមុខដែលត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះ ដូចជា ការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តជនបទ ការអប់រំឱ្យប្រជាជននៅជនបទប្រកាន់យកឥរិយាបថអនាម័យល្អ ការលើកទឹកចិត្តបង្កើតមុខរបរ បង្កើនចំណូលគ្រួសារនៅជនបទ តាមរយៈការរៀបចំបង្កើតឱ្យភូមិគំរូជាដើម។

លោកឯកអគ្គរាជទូតបានលើកឡើងថា ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាច្រើន រួមមាន វិស័យអប់រំ វិស័យសុខាភិបាល ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមរយៈថវិការបស់រាជរដ្ឋាភិបាលអង់គ្លេសផ្ទាល់ និងអង្គការដៃគូនានាផងដែរ។ លោកប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងអភិវឌ្ឍន៍ជនបទ សំដៅរួមចំណែកជួយឱ្យជនបទនៅកម្ពុជាមានការរីកចម្រើន៕