(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានដឹកនាំការប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃអំពី «វឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព»

កិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក៏ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រដ្ឋលេខាធិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ទទួលភារកិច្ចកិច្ចការគុណភាពសេវាថែទាំព្យាបាល និងតាមដានត្រួតពិនិត្យប្រព័ន្ធបញ្ជូនជំងឺ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការចូលរួមពីប្រធានមន្ទីរពេទ្យជាតិ អនុប្រធានមន្ទីរពេទ្យ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom នៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យរាជធានី ខេត្ត។

លោកសាស្ត្រាចារ្យបានបញ្ជាក់ ពីយន្តការ និងគោលការណ៍ក្នុងការពង្រឹងនូវសុវត្តិភាព គុណភាពសេវាថែទាំព្យាបាល ក្នុងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ដែលក្នុងនោះបានរៀបរាប់រំលឹក និងចែករំលែកបទពិសោធន៍ ពីសារគន្លឹះសំខាន់ៗ អំពីគុណភាពក្នុងការថែទាំ ព្យាបាលអ្នកជំងឺ និងការសង្គ្រោះបន្ទាន់ ព្រមទាំងបានផ្តល់ជូនអនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវបន្តខិតខំតាមដានការអនុវត្តនូវគោលការណ៍សុវត្ថិភាព គុណភាព និងនិរន្តរភាពនៃសេវា និងការខិតខំទាំងឡាយ។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំទទួលភារកិច្ច តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ បានផ្តាំផ្ញើឱ្យបន្តបង្កើនយន្តការនៃការចុះពិនិត្យ និងគាំទ្រវឌ្ឍនភាពទាំងឡាយលើមន្ទីរពេទ្យទូទាំងប្រទេស និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលខុសត្រូវនៃអង្គភាពនីមួយៗ លើកិច្ចការពង្រឹងគុណភាពសេវារបស់ខ្លួន និងបន្តកិច្ចសហការគ្នាអោយបានកាន់តែទូលំទូលាយប្រសើរថែមទៀត ក្នុងការពង្រឹងនូវគុណភាពថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ៕