(ភ្នំពេញ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានសមាជិកជាង ១លាននាក់ បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាលើវិស័យវាយនភណ្ឌ។
បំណងនេះត្រូវបានបង្ហាញដោយ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោក Yoshihisa Suzuki បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក Yoshihisa Suzuki ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។
លោកប្រធានគណៈកម្មាធិការ បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីសកម្មភាពសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំក្នុងប្រទេសជប៉ុន។ បច្ចុប្បន្នមានការិយាល័យចំនួន៥១៥ និងមានសមាជិកសរុបជាង ១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។
លោក Yoshihisa Suzuki ក៏បានជម្រាបសម្តេចធិបតី អំពីសកម្មភាពវិនិយោគដែលមានស្រាប់នៅកម្ពុជាលេីវិស័យវាយនភណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងលេីវិស័យកសិកម្ម ដែលផ្តោតសំខាន់លេីដំណាំល្ង។
លោក Yoshihisa Suzuki បានបង្ហាញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាផងដែរ។ បើតាមលោក Yoshihisa Suzuki ដំណើរទស្សនកិច្ចនៅពេលនេះ មានបំណងស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភណ្ឌ ដែលបង្ហាញថាផលិតផលផលិតនៅកម្ពុជា (Made In Cambodia)។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅកម្ពុជានាពេលកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលចង់ពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ សម្តេចធិបតី បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបានភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងបង្កើនលទ្ធភាព និងពង្រីកសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាមួយភាពជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់៕