(ភ្នំពេញ)៖ ដោយអនុវត្តស្មារតីលិខិតលេខ ១៩០/២៣ លស.អ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក លឹម សាម៉ឺឌី នាយករដ្ឋបាលសាលាខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់របងថ្ម និងសម្ភារៈផ្សេងៗ របស់ឈ្មោះ ឡាយ ប៊ុនសៀង ម្ចាស់ក្បាលដី ដែលបានគ្រប់គ្រងចូលដីតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ជាដីរបស់រដ្ឋ ដើម្បីធ្វើការរៀបចំអភិវឌ្ឍន៍ ទៅតាមប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសដើម្បីផ្តល់ដីជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើង ។

កន្លងមក រដ្ឋបាលខណ្ឌបានជូនដំណឹងដល់លោក ឡាយ ប៊ុនសៀង ចំនួន ០៣លើក ជូនដំណឹងអំពីការចុះអនុវត្តវិធានការរដ្ឋបាលរុះរើចំនួន០១លើក (ក្រុមការងារបានប្រគល់ជូនដល់ដៃ) ហើយរដ្ឋបាលខណ្ឌ ក៏បានស្នើសុំកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នើសុំការចូលរួមពីព្រះរាជអាជ្ញាផង ក្នុងការអនុវត្តវិធានការរដ្ឋបាលខាងលើនេះ។

ការអនុវត្តវិធានការរដ្ឋបាលនេះ ត្រូវបានអនុវត្តដោយរលូន និងជោគជ័យ ពុំមានបាតុភាពអ្វីគួរគត់សម្គាល់ទេ ដោយឈ្មោះ ឡាយ ប៊ុនសៀង ម្ចាស់ទីតាំង បានចូលថតវីឌីអូសកម្មភាព និងស្នើសុំឯកសារពាក់ព័ន្ធពីក្រុមការងារ ពុំមានសកម្មភាពអ្វីតបត ឫរារាំងក្រុមការងារឡើយ៕