(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការស្នើសុំចុះបញ្ជី និងការបន្តសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដែរថា ក្រុមហ៊ុនឯកជនដែលមានបំណងចង់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្ដល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មដែលកំណត់ដោយក្រសួង សាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានេះ ក្រសួងក៏សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនមួយចំនួនដែលកំពុងប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនបានចុះបញ្ជីអាជ្ញាបណ្ណផ្លូវថ្នល់ សូមរួសរាន់មកដាក់ពាក្យស្នើសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយឡែកក្រុមហ៊ុនមួយចំនួនទៀតដែលបានផុតរយៈពេលសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំបន្តសុពលភាពឱ្យបានទាន់ពេលវេលា ដោយភ្ជាប់មកជាមួយនូវអាជ្ញាបណ្ណផ្លូវថ្នល់ដែលកំពុងប្រើប្រាស់ និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
បុគ្គលដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើក មន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ដោយគ្មានអាជ្ញាបណ្ណផ្លូវថ្នល់ ត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់៕