(ភ្នំពេញ)៖ គិតត្រឹមម៉ោង២៖៣៥នាទី រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ កិច្ចប្រជុំគណកម្មការព្រំដែនកម្ពុជា-វៀតណាម បានប្រកាសសម្រាកសិនមួយភ្លែត ក្រោយដំណើរជិត៦ម៉ោង នេះបើតាមការរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំពេញមួយព្រឹកនេះ កម្ពុជាលើកឡើងទាំងអស់អំពីបញ្ហាវៀតណាម ជីកស្រះ និងសង់ប៉ុស្តិ៍នៅតាមព្រំដែនកម្ពុជា ហើយអះអាងថា ប្រសិនភាគីវៀតណាមនៅតែបន្តជីកស្រះ ឬសាងសង់ប៉ុស្តិ៍នគរបាលនោះ អាជ្ញាធរកម្ពុជានឹងចុះទៅកាន់តំបន់នោះភ្លាមដើម្បីរុះរើចេញ។ ចំណែកស្នើសុំអ្នកបច្ចេកទេសជំនាញផ្នែកព្រំដែនពីបារាំងនោះ នៅបន្តពិភាក្សាគ្នាបន្ថែមទៀត។
លោក ឡុង វិសាលោ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះភាគីវៀតណាម បានលើកឡើងថា ការជីកស្រះ និងសាងសង់ប៉ុស្តិ៍នគរបាលនោះ គឺស្ថិតនៅក្នុងទឹកដីរបស់គេ, ប៉ុន្តែយើងបញ្ជាក់ថា ការសាងសង់នេះគឺជារំលោភបំពានចូលដីកម្ពុជា។
កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-វៀតណាម៖ ភាគីកម្ពុជាដឹកនាំ ដោយលោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងចូលរួមដោយ លោក ឡុង វិសាលោ រដ្ឋលេខាអធិការក្រសួងការបរទេស និងភាគីវៀតណាមដឹកនាំដោយលោក Le Hoai trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំនៅទីស្តីការ គណៈរដ្ឋមន្រ្តី ដោយពិភាក្សាទៅលើរបៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជាក៏នឹងសួរដេញដោល អំពីកំណត់ទូតពាក់ព័ន្ធនឹងការ រំលោភបំពាន របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន របស់កម្ពុជាផងដែរ៕