(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ដែលបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងត្រូវចូលរួមវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ ASEAN Digital Awards 2024 ដែលរៀបចំឡើងនៅសិង្ហបុរី។
តាមរយៈការប្រកាសលទ្ធផល នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាន កម្មវិធី ASEAN Digital Awards 2024 គឺជាកម្មវិធីប្រកួតប្រជែងដ៏ធំ នៅក្នុងតំបន់ពាក់ព័ន្ធនឹងឌីជីថល ដែលមានការចូលរួមពីបណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល នៅក្នុងបណ្តាប្រទេសទាំងអស់ នៅតំបន់អាស៊ាន ក្នុងគោលបំណងបង្ហាញពីស្នាដៃរបស់ខ្លួន ដែលនឹងជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនុវានុវត្តន៍ឌីជីថលនៅក្នុងតំបន់។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕