(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុច្រើនជាងឆ្នាំមុនៗ ក្នុងឆ្នាំ២០២៣ ដើម្បីជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ (DMCs) នៅអាស៊ី និងប៉ាស៊ីហ្វិក កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃភពផែនដីដែលកំពុងឡើងកំដៅ។

ADB បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ៩.៨ពាន់លានដុល្លារពីធនធានផ្ទាល់ ខ្លួនសម្រាប់ឆ្នាំ២០២៣ ដែលក្នុងនោះ ៥.៥ពាន់លានដុល្លារ សម្រាប់ការងារកាត់បន្ថយផលប៉ះពាល់ និង៤.៣ ពាន់លានដុល្លារ សម្រាប់ការងារបន្សាំ។ ចំនួននេះ កើនឡើងជាង ៤៦% ធៀបនឹងការប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុ សម្រាប់ឆ្នាំ២០២២ ។

បូករួមការប្តេជ្ញាផ្តល់ហិរញ្ញប្បទាន សម្រាប់ការងារបន្សាំទៅនឹងអាកាសធាតុរបស់ខ្លួន ក្នុងឆ្នាំ ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់ការងារបន្សាំនេះ ជាង១០.៤ពាន់លានដុល្លារ ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ ពោលគឺលើសពីគោលដៅរបស់ខ្លួន ដែលបានគ្រោងទុកតែចំនួន ៩ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៩-២០២៤ គ្រាន់តែគិតត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ។

ការផ្តល់ហិរញ្ញប្បទានបន្សាំ គឺមានសារៈសំខាន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកំពុងជួបប្រទះនឹងកំដៅខ្លាំង គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែការវិនិយោគក្នុងការងារបន្សាំក្នុងតំបន់នេះ នៅតែជាចំណែកតិចតួច បើធៀបទៅនឹងសេចក្តីត្រូវការចាំបាច់។

ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងថា «ការប្រែប្រួលអាកាសធាតុគំរាមកំហែងដល់អនាគត នៃការអភិវឌ្ឍគ្រប់យ៉ាង។ ឆ្នាំ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា ហើយមានឃើញ នូវផលប៉ះពាល់អាកាសធាតុធំធេង និងធ្ងន់ធ្ងរនៅក្នុងតំបន់របស់យើង។ វិបត្តិនេះគំរាមកំហែងដល់ថាមពល និងសន្តិសុខស្បៀង ហើយក៏បង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ច»

ក្នុងនាមជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ADB មានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការជួយសមាជិកកំពុងអភិវឌ្ឍរបស់យើង ក្នុងការលុបបំបាត់ការប្រើហ្វូស៊ីលដើម្បីសេដ្ឋកិច្ច វឌ្ឍនភាពតាមគន្លងអន្តរកម្មអាកាសធាតុ និងសម្រេចបាន តុល្យភាពនៃបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាស របស់ប្រទេស។ យើងត្រូវតែធ្វើការរួមគ្នា ជាបន្ទាន់ និងដោយឆ្លើយតបទៅនឹងទំហំតម្រូវការជាក់ស្តែង។

អាស៊ី និងប៉ាស៊ីហ្វិក ជាប្រភព ច្រើនជាងពាក់កណ្តាល នៃការបំភាយកាបូនឌីអុកស៊ីតទូទាំងពិភពលោក ខណៈពេលដែលតំបន់នេះងាយរងគ្រោះយ៉ាងខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
តំបន់ត្រូវការវិនិយោគប្រមាណ ៣.១ពាន់ពាន់លាន (trillion) ដុល្លារក្នុងមួយឆ្នាំ គ្រាន់តែសម្រាប់ផ្នែកធនធានថាមពល និងការដឹកជញ្ជូន ដើម្បីសម្រេចបានតុល្យភាពនៃបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញទៅក្នុងបរិយាកាសត្រឹមឆ្នាំ ២០៥០ ដែលវាជាចំនួនច្រើនជាងកម្រិតបច្ចុប្បន្នប្រមាណ ៥០%។

ក្នុងនាមជាធនាគារអាកាសធាតុរបស់អាស៊ី និងប៉ាស៊ីហ្វិក ADB មានដាក់គោលដៅផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ពាន់លានដុល្លារ ពីធនធានផ្ទាល់ខ្លួនរបស់ខ្លួនពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០ ។

កាលពីឆ្នាំ ២០២២ ADB បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ៦.៧ ពាន់លានដុល្លារពីធនធានផ្ទាល់ខ្លួន ដែលរួមមាន៤ពាន់លានដុល្លារ សម្រាប់ការងារកាត់បន្ថយផលប៉ះពាល់ និង២.៧ពាន់លានដុល្លារ សម្រាប់ការងារបន្សាំ៕