(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពិភាក្សាស្តីពី ការត្រៀមរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក យន្ត មីន ខេត្តព្រះសីហនុ, មន្ទីរជំនាញ, សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងតំណាងផែ្នកឯកជន ពាក់ព័ន្ធវិស័យទេសចរណ៍។

ពិធីបុណ្យសមុទ្រឆ្នាំ២០១៦នេះ គ្រោងនឹងរៀបចំពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ ហើយនេះគឺជាលើកទី២ហើយ សម្រាប់ខេត្តព្រះសីហនុ ដែលទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រ (បន្ទាប់ពីការរៀបចំលើកទី១ ប្រកបដោយភាពជោគជ័យ កាលពីឆ្នាំ២០១១)។

អង្គប្រជុំបានពិភាក្សា និងបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ ឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៦ ខាងមុខ មានដូចជា៖

ទី១.ការរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្មីៗ ប្រព័ន្ធទឹក និងអគ្គិសនីក្នុងទីក្រុង

ទី២.ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តថ្មី

ទី៣.ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យទីក្រុង និងតំបន់ឆ្នេរកម្សាន្ត

ទី៤.ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ផលិតផលទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អ (សេវាស្នាក់នៅ អាហារ ដឹកជញ្ជូន នាវាទេសចរណ៍តាក់ស៊ី...) និងចលនាប្រជាជនរៀបចំផ្ទះស្នាក់​​ សម្រាប់ភ្ញៀវទេសចរ

ទី៥.ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ តំបន់ឆ្នេរខ្សាច់ និងកីឡាលើទឹក

ទី៦.ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលទេសចរណ៍ថ្មីៗ ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងពិព័រណ៍ម្ហូបអាហារ,

ទី៧.ការរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រឲ្យបានល្អមានលក្ខណៈពិសេស និងមានភាពទាក់ទាញជាងឆ្នាំកន្លងទៅ,

ទី៨.ការរៀបចំសកម្មភាពបុរេព្រឹត្តិការណ៍ ឆ្ពោះទៅរកបុណ្យសមុទ្រ  ដូចជាចលនាប្រលងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត (កែលំអ សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង សណ្តាប់ធ្នាប់ សោភ័ណភាពឆ្នេរខ្សាច់កម្សាន្ត...) ការពង្រឹងនិងបង្កើនគុណភាពសេវាកម្ម ទេសចរណ៍ ការរៀបចំសិក្ខាសាលា វេទិកាស្តីពី ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ កីឡានៅតាមតំបន់ទេសចរណ៍នានា

ទី៩.ការរៀបចំជម្រុញការផ្សព្វផ្សាយព្រឹត្តិការណ៍បុណ្យសមុទ្រ ចាប់ពីឥឡូវនេះតទៅ។  

លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំឱ្យគណៈអភិបាលខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវខិតខំរៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ឱ្យបានល្អសក្តិសមជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក និងការប្រសិទ្ធនាម ឆ្នេរសមុទ្រកម្ពុជា «តារារះនាទិសនីរតី» ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រ ក្លាយជាព្រឹត្តិការណ៍របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គ្រួសារ ជាពិសេសត្រូវចាត់ទុកបុណ្យសមុទ្រ ជាឱកាសមួយដ៏ល្អ ដើម្បីជម្រុញការអភិវឌ្ឍទីក្រុងព្រះសីហនុ ជាគោលដៅ ទេសចរណ៍មួយដ៏ទាក់ទាញ៕