(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីកិច្ចពិភាក្សា៖ បទពិសោធអនុវត្តន៍ បញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យ បរធនបាលកិច្ចនៅកម្ពុជានៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៤ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។

កិច្ចពិភាក្សានេះមានការចូលរួមដោយវាគ្មិនកិត្តិយសដែល សុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច វិស័យធុរកិច្ច និងវិស័យច្បាប់ រួមមាន៖ លោកស្រី សុខ វណ្ណសិកា នាយកប្រតិបត្តិនៃការិយាល័យមេធាវី សិដ្ឋាល័យ ជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សា លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តនៅកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមសភាពាណិជ្ជកម្មកម្ពុជា លោក លី តៃសេង នាយកប្រតិបត្តិនៃក្រុមហ៊ុនមេធាវី HBS និងលោក គុយ លីម ប្រធានក្រុមហ៊ុនប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា)។

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយសបានចែករំលែកអំពីបទពិសោធន៍ក្នុងការគ្រប់គ្រង និងចាត់ចែងបរធនបាលកិច្ច អត្ថប្រយោជន៍នៃការបង្កើតវិស័យបរធនបាលកិច្ច និងបញ្ហាប្រឈមដែលធ្លាប់បានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងបានចែករំលែកអំពីទស្សនវិស័យអំពីវិស័យបរធនបាលកិច្ចផងដែរ៕