(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភា បានថ្លែងថា សតវត្សរ៍ទី២១ទៅហើយ វៀតណាមមិនគួរព្យាយាមបង្កអរិភាពតាមព្រំដែនជាមួយកម្ពុជានោះឡើយ ខណៈដែលខ្លួនបានលេបដីកម្ពុជាអស់ច្រើនណាស់ទៅហើយក្នុងប្រវត្តិសាស្រ្ត។ លោកថា វៀតណាមនឹងខាងបង់ធំទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើព្យាយាមរុញបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាឲ្យកាន់រីកធំ។
ការថ្លែងរបស់លោក សុខ ទូច បានធ្វើឡើងស្របពេលគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម កំពុងជួបប្រជុំដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ជាពិសេសបញ្ហាវៀតណាមសាងសង់ផ្លូវ ប៉ុស្តិ៍យាម ក៏ដូចជាការជីកស្រះទឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងក្នុងខេត្តកំពតជាដើមនោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលភាគីកម្ពុជាដឹកនាំដោយលោក វ៉ា គីមហុង រីឯវៀតណាម ដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ លោក សុខ ទូច បានមើលឃើញថា ការព្យាយាមបង្កបញ្ហារបស់វៀតណាមនៅតាមព្រំដែននេះ គឺមានទិដ្ឋភាពនយោបាយពីរទី១ បញ្ហានយោបាយផ្ទៃក្នុង និងបញ្ហានយោបាយអន្តរជាតិ។ បើតាមលោក សុខ ទូច បញ្ហាផ្ទៃក្នុង គឺវៀតណាមចង់ធ្វើឲ្យកម្ពុជាមានការប្រេះឆាផ្ទៃក្នុងរវាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ លើបញ្ហាព្រំដែននេះ។ បញ្ហាមួយទៀត គឺវៀតណាម ចង់រករឿងកម្ពុជាក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងត្បូង។
លោក សុខ ទូច ថា វៀតណាមល្មមឆ្អែតគ្រប់គ្រាន់ហើយ ព្រោះក្នុងប្រវត្តិសាស្រ្តវៀតណាម បានលេបយកដីកម្ពុជាអស់ច្រើនណាស់។ លោកបន្តថា សតវត្សរ៍ទី២១ ការកសាងកិច្ចសហការ និងកសាងសន្តិភាពតាមព្រំដែន គឺជារឿងសំខាន់។
អ្នកវិភាគសង្គមក៏ដូចជានយោបាយរូបនេះបានមើលឃើញថា ប្រសិនបើវៀតណាមព្យាយាមបង្កបញ្ហាព្រំដែនជាមួយកម្ពុជាឲ្យកាន់តែរីកធំ វៀតណាមជាអ្នកខាតធំទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ លោកជំរុញឲ្យវៀតណាមមើលទៅប្រវត្តិជម្លោះរវាងខ្មែរ និងប្រទេសថៃ កាលពីឆ្នាំ២០០៨។
លោក សុខ ទូច បានរំលឹកទៅវៀតណាមថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច តែកម្ពុជាមានយុទ្ធសាស្រ្តច្រើន ដែលវៀតណាមមិនគួរមើលស្រាលនោះឡើយ។ លោកបានលើកតថភាពសង្គមកាលពីក្នុងរបប លន់ នល់ និងរបបប៉ុលពតថា វៀតណាមត្រូវបានបោសសំអាតគ្មានសល់នៅលើទឹកដីកម្ពុជានោះឡើយ។
បើទោះពីជាយ៉ាងណាលោក សុខ ទូច ថា កម្ពុជានឹងមិនធ្វើដូច្នោះឡើយ។ លោក សុខ ទូច កម្ពុជា មានយន្តការច្បាប់ជាច្រើន ដើម្បីដោះស្រាយបញ្ហាជាមួយវៀតណាម ដូចជាការប្តឹងទៅប្រទេសវៀតណាម ដែលជាអ្នកបង្កើតផែនទី ក៏ដូចជាការប្តឹងទៅអាស៊ាន ហើយចុងក្រោយក៏អាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ៕
សូមស្តាប់នូវបទសម្ភាសន៍ទាំងស្រុងរវាងលោក វ៉ាន់ សារាយ និងលោកបណ្ឌិត សុខ ទូច៖