(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ មានការបែកធ្លាយលិខិតរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តាមបណ្តាញសង្គមនានា ដោយក្នុងលិខិតនោះ លោកបានណែនាំដល់ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្ត និងសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ឱ្យស្តាប់ការណែនាំរបស់គណបក្សភ្លើងទៀន តែមួយប៉ុណ្ណោះ ហើយមិនត្រូវស្តាប់តាមអ្នកនយោបាយណា ឬគណបក្សណាមួយនោះឡើយ។

នៅលើបណ្តាញសង្កម ក្រុមអ្នកវិភាគ បានមើលឃើញថា លិខិតរបស់ លោក ទាវ វណ្ណុល ហាក់វាយប្រហារចំៗ ទៅកាន់ លោក សម រង្ស៉ី អ្នកនយោបាយក្រៅប្រទេស ដែលបានអំពាវនាវឱ្យ គណបក្សភ្លើងទៀន សាមគ្គីគ្នាជាមួយគណបក្សកម្លាំងជាតិ ដែលកំពុងបំបែកកម្លាំងគណបក្សភ្លើងទៀន។

តាមបណ្តាញសង្គ​ម លោកសម រង្ស៉ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវដល់តំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់នៅប្រទេសកម្ពុជា ឲ្យរួបរួមគ្នា ហើយសហការគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ដោយលោកបញ្ជាក់ថា នៅពេលនេះ មានគណបក្សនយោបាយ ៣ ដែលតំណាងឲ្យកម្លាំងប្រជាធិបតេយ្យ ហើយដែលមានអ្នកគាំទ្រចេញមកពីប្រភពដើមតែមួយ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្ស ឆន្ទៈខ្មែរ។

តាមរយៈសារលិខិតនេះ លោក ទាវ វណ្ណុល បានបញ្ជាក់៤ចំណុចដូចតទៅ៖

១៖ គណបក្សភ្លើងទៀន ជាគណបក្សនយោបាយតែមួយគត់ ដែលមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងការពារសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតទាំង ២១៩៨ រូប មកពីគណបក្សភ្លើងទៀន។

២៖ ពុំមានគណបក្សនយោបាយដទៃ ឬឥស្សរជននយោបាយណាម្នាក់ អាចមកបង្ខំ ចាត់ចែង ឬ ណែនាំឱ្យសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោត មកពីគណបក្ស ភ្លើងទៀន ទោះនៅក្នុងមណ្ឌលភូមិភាគណាមួយក៏ដោយ ទៅបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ ផ្សេង ក្រៅពី គណបក្ស ឆន្ទៈខ្មែរ បាននោះឡើយ។

៣៖ គណបក្ស ភ្លើងទៀន បានសម្រេចរួចមកហើយ ជ្រើសរើសយក គណបក្ស ឆន្ទៈខ្មែរ តែមួយគត់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៤៖ គណបក្ស ភ្លើងទៀន តម្រូវឱ្យសមាជិក-សមាជិកាទាំងអស់ រក្សាភាពស្មោះត្រង់ជាមួយ គណបក្ស ហើយបន្តអនុវត្តការងារគណបក្សយ៉ាងសកម្ម ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង សេចក្តីសម្រេច និងសេចក្តីណែនាំនានារបស់គណបក្សផងដែរ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ ដែលជាចរន្តនយោបាយប្រឆាំងថ្មី បានវាយប្រហារគ្នាទៅវិញទៅមក ដោយគណបក្សភ្លើងទៀន បានចាត់ទុកថា គណបក្សកម្លាំងជាតិ បានអូសទាញកម្លាំងរបស់ខ្លួននៅតាមមូលដ្ឋាន៕