(បាត់ដំបង)៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា បន្តជួយជ្រោមជ្រែងប្រទេសកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប។ សម្រាប់កម្ពុជា គឺមិនទាន់យឺតពេលនោះទេ ក្នុងកិច្ចការបន្តថែរក្សាបរិស្ថានក្នុងបរិបថបម្រែបម្រួលអាកាសធាតុជាសាកលនេះ។

ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចទាំងពីរនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីចុះបេសកកម្មនៅបឹងទន្លេសាប នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតំបន់រ៉ាមសារ ព្រែកទាល់ នៅស្រុកឯកខេត្តបាត់ដំបង។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់តំបន់បម្រុងជីវចម្រុះបឹងទន្លេសាប គឺជាសក្ខីភាពមួយចំពោះការចូលរួមយ៉ាងសកម្មរបស់យើងក្នុងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងការគាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ រួមគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការអនុវត្តគម្រោងផ្សេងៗ រដ្ឋសមាជិក និងរដ្ឋាភិបាលកម្ពុជា សកម្មភាពរួមរបស់យើងមានគោលបំណងធានាដល់ប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវចម្រុះដែលធន់ទ្រាំនឹងការប្រែប្រួលបរិស្ថានយ៉ាងឆាប់រហ័សនៅក្នុងតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប។

លោក Igor Driesmans បានបន្តថា ការចូលរួមអភិរក្ស ប្រព័ន្ធអេកូឡូស៉ីនៅតំបន់បឹងទន្លេសាប ពីសំណាក់សហភាពអ៊ឺរ៉ុប នឹងធ្វើប្រជាពលរដ្ឋរស់នៅតំបន់នេះទទួលបានផលប្រយោជន៍ពីទេសចរណ៍ធម្មជាតិ។ មានន័យថាប្រសិនបើកម្ពុជាមានធម្មជាតិ និងបរិស្ថានស្រស់ស្អាតនោះនឹងអាចទាក់ទាញភ្ញៀវទេសចរនានាឱ្យមកកម្សាន្តនៅកម្ពុជា អេកូទេសចរណ៍ធម្មជាតិបានដែលក្លាយជាតួនាទីយ៉ាងសំខាន់ជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់តាមរយះការបម្រើសេវាកម្មផ្សេងៗ។

លោកបានបញ្ជាក់ថា សក្តានុពលប្រព័ន្ធអេកូទេសចរណ៍ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក៏ប៉ុន្តែ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបន្តថា ប្រទេសអាល្លឺម៉ង់បានផ្តល់មូលនិធិយ៉ាងច្រើន ដើម្បីកែលម្អការបង្កើតប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាននៅតំបន់រ៉ាមសារ ព្រែកទាល់ និងស្ទឹងត្រែងនេះមានសារៈសំខាន់ដើម្បីការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះ បានលើកឡើងថា គម្រោងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនទាំងអស់ ដែលគាំទ្រដោយគណៈកម្មការទន្លេមេគង្គ (MRC) គឺមានសារៈសំខាន់ដែលជិតមកដល់។

លោកបានបញ្ជាក់ថា MRC ក៏គាំទ្រគម្រោងឆ្លងដែនជាមួយប្រទេសថៃ និងឡាវសម្រាប់ការគ្រប់គ្រងគ្រោះរាំងស្ងួតឱ្យកាន់តែប្រសើរឡើង រួមទាំងធាតុផ្សំ សម្រាប់តាមដានការបំពុលប្លាស្ទិកនៅក្នុងអាងទន្លេមេគង្គក្រោម។ សកម្មភាពទាំងនេះត្រូវបានគាំទ្រដោយប្រទេសអាឡឺម៉ង់ផងដែរ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកទូតសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដែលតែងជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅលើកិច្ចការបរិស្ថាន និងជីវៈជម្រុះ និងនិយាយដោយឡែកនៅតំបន់បឹងទន្លេសាប។

ទន្ទឹមនឹងដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តទប់ស្កាត់លួចកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង បានបន្តធ្វើដំណើរទស្សនកិច្ចរួមគ្នាដើម្បីពិនិត្យមើលលើការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន នៅលើតំបន់ទន្លេសាប។ ដំណើរទស្សនកិច្ច នេះរៀបចំឡើងជាសក្ខីភាពមួយចំពោះយុទ្ធនាការ #ForOurPlanet របស់សហភាពអឺរ៉ុបដែលកាន់តែទូលំទូលាយដោយបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះចីរភាពបរិស្ថាននៅទូទាំងពិភពលោក។
 
ក្នុងដំណើរទស្សនកិច្ចនេ ប្រតិភូបានស្វែងយល់ពីជីវចម្រុះដ៏សម្បូរបែប និងទេសភាពអេកូឡូស៊ីពិសេសនៃតំបន់បឹងទន្លេសាប។ ប្រតិភូបានសង្កេតឃើញសត្វស្លាបទឹកនៅតំបន់រ៉ាមសារព្រែកទាល់ និងបានជួបជាមួយសហគមន៍រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្សជីវចម្រុះនៃបឹងទន្លេសាប, លើកកម្ពស់វិធីសាស្រ្តការពារព្រៃឈើប្រកបដោយចីរភាព និងការការពារសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា កន្លងមកគម្រោង «ទន្លេសាបរបស់យើង» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបហើយអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តបាត់ដំបង បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះបញ្ហាប្រឈម និងភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍ក្នុងការការពារបរិស្ថាន នៅក្នុងតំបន់៕