(ភ្នំពេញ)៖ រយៈពេលជាង៥ម៉ោងហើយ គិតចាប់តាំងពីម៉ោង៨៖៣០នាទីព្រឹក រហូតមកដល់ម៉ោង ១៖៤០នាទីរសៀលនេះ កិច្ចប្រជុំគណៈកម្មការព្រំដែន មិនទាន់បញ្ចប់នៅឡើយទេ នេះបើតាមការរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
ទោះជាកិច្ចប្រជុំនេះ មានការបិទទ្វារមិនឲ្យមានក្រុមអ្នកសារព័ត៌មានចូលក៏ដោយ ប៉ុន្ដែក្រុមអ្នកសារព័ត៌មានជាច្រើនអ្នកបានឭសំលេង នៃការជជែកគ្នាខ្លាំងៗ ចេញពីបន្ទប់ប្រជុំ ដែលគេអាចសន្និដ្ឋានបានថា កិច្ចប្រជុំនេះហាក់បីដូចមានភាពតានតឹងខ្លាំង រវាងភាគីកម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំនៅទីស្តីការ គណៈរដ្ឋមន្រ្តី ដោយពិភាក្សាទៅលើរបៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជាក៏នឹងសួរដេញដោល អំពីកំណត់ទូតពាក់ព័ន្ធនឹងការ រំលោភបំពាន របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន របស់កម្ពុជាផងដែរ។
កិច្ចប្រជុំគណៈកម្មការព្រំដែន កម្ពុជា-វៀតណាម៖ ភាគីកម្ពុជាដឹកនាំ ដោយលោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងចូលរួមដោយ លោក ឡុង វិសាលោ រដ្ឋលេខាអធិការក្រសួងការបរទេស និងភាគីវៀតណាមដឹកនាំដោយលោក Le Hoai trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។
កិច្ចប្រជុំនេះមានររបៀបវារមួយចំនួន៖ ពិនិត្យមើលសេចក្តីព្រាងរបស់នាយករដ្ឋមន្រ្តី នៃប្រទសទាំងពីរ ស្នើក្រុមបច្ចេកទេសបារាំងជួយលើកិច្ចការព្រំដែន និងបញ្ហាជីកស្រះទឹក និងសង់ប៉ុស្តិ៍នៅតាមព្រំដែន។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ធ្លាប់បានប្រាប់ Fresh News នៅចុងសប្តាហ៍មុនថា បញ្ហាសំខាន់ក្នុងការជជែកគ្នា រវាងកម្ពុជា-វៀតណាម នាពេលនេះ រួមមានដូចជាការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យ បារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយ កន្លងមក៕