(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធផលគួរឱ្យកត់ សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះក្រសួងទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៣០,៨៩៧នាក់ ក្នុងឆ្នាំ២០២៣។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមលោក កត្តា អ៊ន បានបញ្ជក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួន ២៩, ៥៩០នាក់ និងជួយអ្នកស្វែងរកការងារទទួលបានការងារធ្វើបានចំនួន ៦,៥៤៧នាក់ ក្នុងឆ្នាំ២០២៣ផងដែរ។

លោកបានគួសបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់ ព័ត៌មានអំពីឱកាសការងារទៅដល់ពលរដ្ឋក្នុងនោះដែរ មានទាំងពិព័រណ៍ការងារ ដែលមានស្តង់ក្រុមហ៊ុនសម្រាប់ដាក់បង្ហាញឱកាសការងារជូនសាធារណជន ថែមទាំងមានកម្មវិធីពិព័រណ៍ការងារចល័ត រៀបចំសិក្ខាសាលាស្តីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់សិស្សនិស្សិត នៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យផងដែរ។
សូមជម្រាបដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖ វិស័យឧស្សាហកម្ម ចំនួន ១៩,៧៧១កន្លែង វិស័យកសិកម្ម ចំនួន ១០,៨៨៦កន្លែង វិស័យសេវាកម្ម ចំនួន ៤,០៥៦កន្លែង។

បន្ថែមពិនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ឬ ១២៩៧ សម្រាប់ព័ត៌មានបន្ថែម ដើម្បីទទួលបានឱកាសការងារសមរម្យ និងព័ត៌មានទីផ្សារការងារ៕