(ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថា សម្រាប់កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.។

នាឱកាសនោះដែរ លោក ហេង សុផាន់ណារិទ្ធ បានពន្យល់ថា កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារ ជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព។

លោក ហេង សុផាន់ណារិទ្ធ បានលើកឡើងថា៖ «ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគួរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត»។

ជាមួយគ្នានេះដែរ លោក ហេង សុផាន់ណារិទ្ធ បានបន្ថែមថា ចំពោះលក្ខខណ្ឌក្នុងការចុះបញ្ជីប្រសិនបើកុមារស្ថិតនៅក្នុងបន្ទុកប.ស.ស ត្រូវមានអាយុមិនលើសពី ១៨ឆ្នាំ លើកលែងតែកូនមានពិការភាព និងមានជំងឺរាំរៃដែលមិនអាចប្រកបរបរការងារ ដែលមានប្រាក់ចំណូល នឹងត្រូវមានសេចក្តីសម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ នៅក្នុងករណីមានអ្នកក្នុងបន្ទុកចាប់ពីពីរនាក់ឡើងទៅ ដែលបំពេញគ្រប់លក្ខខណ្ឌ ក្នុងការស្នើសុំចុះបញ្ជី គឺតម្រូវឱ្យចុះបញ្ជីទាំងអស់តែម្តង ហើយក្នុងនោះត្រូវបង់វិភាគទានមកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ ក្នុងម្នាក់១៥៦០០រៀលក្នុងមួយខែ។

គូសបញ្ជាក់ផងដែរថា លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ក្នុងនោះសម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នក ឬខលមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬទំនាក់ទំនងមកកាន់ប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមរបស់យើង៕