(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស១១២គ្រឿង ក្នុងនោះរថយន្ត២៨គ្រឿង និងម៉ូតូ៨៤គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន១១២គ្រឿង (រថយន្ត ចំនួន២៨គ្រឿង, ម៉ូតូ ចំនួន៨៤គ្រឿង)៖

*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៣៨គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន១១គ្រឿង អ្នកបើកបរម៉ូតូ ចំនួន២នាក់ អ្នកបើកបររថយន្ត ចំនួន៩នាក់, កម្រិត ០.៤០mg/L ឡើង ចំនួន២៧គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១១នាក់ និងអ្នកបើកបររថយន្ត ចំនួន១៦នាក់។

*ទី២៖ បទល្មើសផ្សេងៗ ចំនួន៧៤គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន៦៧គ្រឿង ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន២គ្រឿង ឡានគ្មានប័ណ្ណបើកបរ ចំនួន២គ្រឿង ប័ណ្ណបើកបរខុសយាន្ដ ចំនួន១គ្រឿង និងអ្នកបើកម៉ូតូប្រើប្រាស់សារធាតុញៀន ចំនួន២គ្រឿង។

*ទី៣៖ សម្រាប់យានយន្តទាំងនេះ ត្រូវផាកពិន័យចំនួន៩៣គ្រឿង, នៅសល់១៩គ្រឿង, រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ចំនួន១៩គ្រឿង និងបញ្ជូនទៅការិយាល័យជំនាញ ចំនួន១គ្រឿង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕