(ភ្នំពេញ)៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ តំណាងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាប្រធានគណៈអធិបតី ដឹកនាំប្រជុំស្តីពីការជំរុញធ្វើច្បាប់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អាជីវកម្មនៅក្នុងខណ្ឌដូនពេញ។

សមាសភាពចូលរួម៖ លោកនាយករដ្ឋបាល, លោកប្រធានការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ, លោក-លោកស្រី ចៅសង្កាត់ពាក់ព័ន្ធ, លោក លោកស្រី ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរមានច្បាប់ និងអត់ច្បាប់។

សមាគមអាចជួយសម្របសម្រួល ដល់សមាជិកសមាគម ក្នុងការធ្វើអាជីវកម្មស្មើភាពគ្នា។ ការងារសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានសាធារណៈក្រុមហ៊ុន ត្រូវអនុវត្តឲ្យបានល្អប្រសើរ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពេលដែលអាជ្ញាធរចុះរៀបចំ។ ដោយឡែកបងប្អូនអាជីវករមានច្បាប់ គឺត្រូវបន្តនិរន្តរភាពរបស់ខ្លួន ផុតកំណត់ច្បាប់ត្រូវតែបន្ត។

ដោយឡែកបងប្អូន ដែលមិនទាន់មានច្បាប់ត្រូវដាក់ពាក្យស្នើសុំច្បាប់។ ក្នុងករណីបើបងប្អូនមិនបានបំពេញច្បាប់ ឬគ្មានច្បាប់អនុញ្ញាតសមាគមសហការជាមួយអាជ្ញាធរចុះបិទអាជីវកម្មតែម្តង។

លោក បណ្ឌិត ធឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានថ្លែងថា ការចូលជាសមាជិកសមាគម អាចជួយកាត់បន្ថយការចំណាយ ដល់ការធ្វើដំណើរតាមផ្លូវល្បឿនលឿន ព្រោះសមាគមបានចុះ MOU ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយបញ្ចុះតំលៃថ្លៃបង់សេវាធ្វើដំណើរ ២៥% និងអត្ថប្រយោជន៍ផ្សេងៗទៀត៕