(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធាន នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដឹកនាំដោយលោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរ និងសហការី។

ក្នុងនោះ ក៏មានការចូលរួមពីគណៈកម្មាធិការអនុសាខាស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន យុវជនកក្រក ចុះអប់រំផ្សព្វផ្សាយ អំពីចុះអប់រំផ្សព្វផ្សាយ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជាក្នុងគ្រឹះស្ថានសិក្សា ដល់សិស្សានុសិស្ស នៃវិទ្យាល័យស្តៅសន្តិភាព ស្រុករតនមណ្ឌល ចំនួន១,៣៥១នាក់ ស្រី៦៩៦នាក់ នៅពេលគោរពទង់ជាតិ។

លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ក្នុងបំណង គឺដើម្បីជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះ លោក សល់ សុទត្ត បានសម្តែងនូវក្តីព្រួយបារម្ភ អំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងក៏បានសំណូមពរឲ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ក្នុងពេលធ្វើដំណើរ ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរតាមម៉ូតូ ដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ។

នាឱកាសនោះ មន្រ្តីប្រតិបត្តិសាខាខេត្ត បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ ក្មួយៗដែលជាសិស្សានុសិស្ស។

ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយស្តី អំពីការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

ក្រុមការងារ បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់៖ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដោយត្រូវពាក់ពួកសុវត្ថិភាព និងពាក់ឲ្យបានត្រឹមត្រូវមុនពេលបើកបរ ត្រូវគោរពសិទ្ធិអាទិភាព និងចេះយោគយល់អធ្យាស្រ័យគ្នាពេលបើកបរ និងអំពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ថង់ប្លាស្ទិក វាផ្តល់អាក្រក់ខ្លាំងណាស់ដល់បរិស្ថាន និងសភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ពិសេសធ្វើឲ្យផែនដីឡើងកំដៅ វាត្រូវការចំណាយពេលរហូត ដល់ទៅរាប់សិបឆ្នាំទើបអាចរលាយបាន។

មិនតែប៉ុណ្ណោះការដុតកាកសំណល់ថង់ប្លាស្ទិក ក៏មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសុខភាព មនុស្ស សត្វ ផងដែរ ដោយនៅក្នុងផ្សែងដែលចេញពីការដុតនោះមានផ្ទុកសារធាតុឌីអុកស៊ីត ដែលជាភ្នាក់ងារបង្ករជងឺមហារីក និងបំផ្លាញស្រទាប់អូហ្សូន។ ដូចនេះដើម្បីចូលរួមចំណែក ក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយ នៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួម ក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។

ក្រុមការងារ ក៏បានប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន ដោយលោកអនុប្រធាន បានសំណូមពរឲ្យសិស្សានុសស្សទាំងអស់ មេត្តាចៀសឲ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភ័ក្ត ឬនរណាម្នាក់ក៏ដោយ សូមកុំចង់ដឹងចង់សាកឲ្យសោះ ព្រោះថាគ្រឿងញៀន វាធ្វើឲ្យយើងបាត់បង់នូវសមត្ថភាព ក្នុងត្រេះរិៈពិចារណា ថាអ្វីខុសអ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការ ប្រព្រឹត្តនូវអំពើឧបាយមុខផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់អនាគតខ្លួនយើងផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ ក្រុមការងារបានរៀបចំសំនួរចម្លើយ ដល់សិស្សានុសិស្សឆ្លើយសំណួរ ត្រូវបានទទួលមួកសុវត្ថិភាព១ ព្រមទាំងនិងចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផងដែរ៕