(ឧត្តរមានជ័យ)៖ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ លោក ញ៉ុល វុធ ត្រូវបានបុរសមានមុខរបរ ជាអ្នកចិញ្ចឹមត្រី នៅក្រុងសៀមរាប ខេត្តសៀមរាប ប្តឹងចោទប្រកាន់ថា បានស៊ីដាច់លុយចំនួន ៥០០ដុល្លារ រឿងជួយរត់ការទិញរថយន្តចំនួន៥គ្រឿង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរថយន្តទាំងនេះ ត្រូវបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ។
លោក ហ៊ុន រិទ្ធ អាយុ ៣៧ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានដាក់ពាក្យបណ្តឹង ទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃនេះ បានរៀបរាប់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ លោកនិងស្នងការរងរូបនេះ បានស្គាល់គ្នា ហើយពេលនោះ លោកស្នងការរង បានប្រាប់ឲ្យលោកទិញរថយន្តចំនួន ៥គ្រឿង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានតម្លៃចំនួន ៩០០ដុល្លារ។
សម្រាប់ការទិញរថយន្តទាំងនេះ លោកស្នងការរង បានធានាអះអាងថា នឹងជួយរត់ការឲ្យ ដោយទាក់ទៅមន្រ្តីតុលាការឲ្យ។ នៅពេលពួកគេទាំង២នាក់ បានឯកភាពគ្នានោះ លោក ហ៊ុន រិទ្ធ បានប្រគល់លុយលើកទី១ ចំនួន ៣០០ដុល្លារ និងលើកទី២ ចំនួន២០០ដុល្លារ ប៉ុន្តែចាប់ពីពេលនោះមកលោកស្នងការរង ខាងលើ បានគេចវេសរហូតមកដល់ពេលនេះ ថែមទាំងបោះពាក្យសំដីថា «ទៅប្តឹងឯណាប្តឹងទៅ អញមិនសង ធ្វើអីអញ»។
យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់ខាងលើនេះ អង្គភាព Fresh News នៅមិនទាន់អាចសុំការបំភ្លឺ ពីលោកស្នងការរងរូបនេះ បាននៅឡើយទេ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ដោយសារតែគ្មានលេខទូរស័ព្ទ៕