(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

លោក ជឺ ចំណាន បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» គឺជាការបោះឆ្នោតអសកល។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាពីរប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ដូច្នេះ អ្នកបោះឆ្នោតត្រូវបោះឆ្នោត ២ (ពីរ) ដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោត ២ (ពីរ) ប្រភេទ ផ្សេងគ្នា។

លោក ជឺ ចំណាន បានថ្លែងទៀតថា ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

លោកបានបញ្ជាក់អំពីដំណាក់កាលនីមួយៗ និងកាលបរិច្ឆេទ ដែលត្រូវអនុវត្តដូចមានចែងក្នុងប្រតិទិន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានដូចជា ៖
* ដំណាក់កាលចុះឈ្មោះបោះឆ្នោត
* ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)
* ដំណាក់កាលឃោសនាបោះឆ្នោត និង
* ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។

លោក ជឺ ចំណាន បានថ្លែងប្រៀបធៀបថា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ នេះ បើប្រៀបធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ (រាប់បញ្ចូលទាំងការបោះឆ្នោតឡើងវិញ) ចំនួនអ្នកបោះឆ្នោត ចំនួនមណ្ឌលបោះឆ្នោត និងចំនួនសមាជិកក្រុមប្រឹក្សាមានការកើនឡើងរួមមាន៖
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩៖
* ឃុំ សង្កាត់ មានចំនួន ១,៦៤៦
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត មានចំនួន ១១,៥៧២
* ចំនួនក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសមាន ២០៨
* ចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មាន ៥៥៩
* ចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន ៣.៦៣៦។

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤៖
* ឃុំ សង្កាត់ មានចំនួន ១.៦៥២
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត មានចំនួន ១១,៦២២
* ចំនួនក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស មាន ២០៩
* ចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត មាន ៥៥៩
* ចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន ៣,៦៤១។

លោក ជឺ ចំណាន បានបន្តទៀតថា ចំនួនក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ១ ក្រុង និងចំនួនអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កើនឡើងចំនួន ៥ អាសនៈ។

លោក ជឺ ចំណាន បានជម្រាបជូនផងដែរ អំពីនីតិវិធីនៃការចុះឈ្មោះអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងកាលបរិច្ឆេទនៃការដាក់ពាក្យបានកំណត់នៅក្នុងប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

មានសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំបានសួរថា តើអាចយកសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលជាសេចក្តីចម្លងប្រកាសស្តីពី ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានប្រើក្នុងការបោះឆ្នោតកន្លងមក យកមកប្រើក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ បានម្តងទៀត ឬត្រូវបញ្ជាក់សារជាថ្មី?

គ.ជ.ប បានឆ្លើយបញ្ជាក់ទៅនឹងសំណួរខាងលើថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលជាសេចក្តីចម្លងប្រកាសស្តីពីការចុះបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចប្រើបានសម្រាប់តែការបោះឆ្នោតមួយប៉ុណ្ណោះ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះគណបក្សនយោបាយត្រូវបញ្ជាក់សារជាថ្មី។

នេះជាកិច្ចប្រជុំលើកទីមួយ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការ- ដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងគណបក្សនយោបាយ តំណាង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជាង ៦០ នាក់៕