(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ.) និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក John Aylieff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក។

ក្នុងជំនួបនេះ លោក John Aylieff បានកោតសសើរពីសមិទ្ធផលដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំ និងសម្របសម្រួលធ្វើក្នុងវិស័យស្បៀង និងអាហារូបត្ថម្ភ។

លោកនាយកប្រចាំតំបន់ បានលើកឡើងថា ការងារស្បៀង និងអាហារូបត្ថម្ភនេះ ជាការងារអន្តរវិស័យ មានភាពស្មុគស្មាញដែលទាមទារការដឹកនាំដ៏ប៉ិនប្រសប់ ក្នុងការប្រមូលនូវគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមមួយ ស្របតាមយុទ្ធសាស្រ្តជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោកក៏បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានផ្តួចផ្តើម និងគាំទ្រការធ្វើ Fill the Nutrition Gap។ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាងស្ថាប័នទាំងពីរ ដែលបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានកោតសរសើរពីតួនាទីចម្បងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក នៅក្នុងចលនាបង្កើនអាហារូបត្ថម្ភ (SUN Movement) និងការបង្កើតឲ្យមានបណ្តាញធុរកិច្ច សម្រាប់ចលនាបង្កើនអាហារូបត្ថម្ភនេះ (SUN Business Network)។

លោកបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់អង្គការស្បៀងអាហារពិភពលោក ក្នុងការងារស្រាវជ្រាវ និងវិភាគដែលនេះពិត ជាមានសារៈសំខាន់ណាស់សម្រាប់ ក.ក.ជ. ក្នុងការធ្វើសេចក្តីសម្រេច ចិត្តផ្សេងៗ ការចូលរួមក្នងកិច្ចសន្ទនាសកលស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងការតាក់តែងនូវផែនទីបង្ហាញផ្លូវ សម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។

លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏បានលើកសំណើសុំឲ្យអង្គការស្បៀងអាហារពិភពលោក បន្តគាំទ្រដល់ដំណើរការតាក់តែង នៃយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងការធ្វើនូវគ្រោងចំណាយសម្រាប់អនុវត្តយុទ្ធសាស្រ្តជាតិនេះ។

បន្ថែមពីនេះ លោកក៏បានជម្រាបលោកនាយកប្រចាំតំបន់អំពីយុទ្ធនាការ ដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នឹងដឹកនាំធ្វើ គឺយុទ្ធនាការស្តីពីការលើកកម្ពស់ ការយល់ដឹងពីការទទួលទានចំណីអាហារដែលល្អសម្រាប់សុខភាព មានសុវត្ថិភាព និងមានជីវជាតិនៅតាមសាលារៀន។

ជាកិច្ចឆ្លើយតប លោក John Aylieff បានឯកភាពចំពោះសំណើខាងលើ ហើយប្តេជ្ញានឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ការជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានបញ្ចប់ដោយផ្លែផ្កាជាវិជ្ជមាន ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល៕