(រតនគិរី)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលចរាចរណ៍ សហការជាមួយកម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងនគរបាលអាវុធជាតិផ្ទុះ និងកម្លាំងនគរបាលអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តរតនគិរី បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាកុល, ទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះថា កម្លាំងសហការខាងលើនេះ ដាក់ចំនួន១គោលដៅ លើកំណាត់ផ្លូវជាតិលេខ៧៨ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិ១សង្កាត់កាចាញ ក្រុងបានលុង។

លោកវរសេនីយ៍ទោ ម៉ៅ ភិរម្យ បន្តថា ប្រតិបត្តិការនេះ ទទួលបានលទ្ធផលដូចតទៅ៖
១៖ ត្រួតពិនិត្យយានយន្តគ្រប់ប្រភេទទាំងអស់ដើម្បីពិនិត្យរក៖
* អ្នកបើកបរមានសារធាតុញៀន
* អ្នកបើកបរមានជាតិស្រវឹង
២៖ លទ្ធផលការងារគឺ
* រកឃើញអ្នកបើកបរមានសារធាតុញៀន១នាក់ (ប្រគល់ជូនជំនាញ)
* អ្នកបើកបរមានជាតិស្រវឹង៥នាក់
* បានដកហូតភ្លើងតុបតែងខុសលក្ខណៈបច្ចេកទេស១គ្រឿងពីរថយន្តធុនធំ
* ចំពោះម៉ូតូគ្មានមួក, គ្មានកញ្ចក់, គ្មានស្លាកលេខ (ធ្វើការអប់រំទាំងអស់)។

ប្រតិបត្តិការខាងលើនេះ មានការសាទរពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងការពារគ្រោះថ្នាក់កើតឡើងផងដែរ៕